ភ្នំពេញ៖ បុរសជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រម្នាក់ មិនដឹងថាប្រញាប់ទៅយកម៉ូយនៅទេណា ស្រាប់តែទេបានបើកជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង ​ចំពីមុខពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ដេកផ្កាប់មុខ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៦១កែងផ្លូវ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

​សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FM-2324 ​ធ្វើដំណើរ​តាមបណ្តោយផ្លូវ៦១ ក្នុងទិសដៅពីជើងទៅត្បូង គោលបំណងបើកទៅត្រង់ ។

ខណៈពេលមកដល់ចំណុចកើតហេតុ ​​បើកឆ្លងផ្លូវបានពាក់កណ្តាលមកហើយ ក៏ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ជារបស់ក្រុមហ៊ុនតាក់ស៊ីក្រហម ​បានបើកតាមបណ្តោយផ្លូវ៩០ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន មិនដឹងថាប្រញាប់ទៅយកម៉ូយនៅណានោះទេ មកដល់ផ្លូវកែងហើយ មិនបានបន្ថយល្បឿន ក៏ជិះទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យខ្ទាតម៉ូតូ ទៅចិញ្ចើមផ្លូវខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង ចំនែកឯម្ចាស់ម៉ូតូវិញ ដួលបោកផ្កាប់មុខបោកក្បាល នៅនឹងថ្នល់ ហូរឈាមពេញផ្លូវ រងរបួសធ្ងន់សល់តែដង្ហើមចង្រិត រីឯម្ចាស់រថយន្តតាក់ស៊ីម៉ែត្រ ជារថយន្តបង្កវិញ មិនបានឈប់នៅដោះស្រាយ និងមើលជនរងគ្រោះនោះទេ ក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែជនរងគ្រោះដេកផ្កាប់មុខ តែប៉ុណ្ណោះ ។

ភ្លាមៗនោះដែរ រថយន្តសង្គ្រោះបានមកដល់ដឹក យកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានយកម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕
សហការី KBN