ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៧ នេះ មានករណីដ៏កក្រើកមួយ ដោយយុវជនម្នាក់ស្លាប់ ២នាក់រហូតរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល បន្ទាប់ពីពួកគេជិះម៉ូតូត្រឡប់ពីផឹកស៊ីស្រវឹង គប់កញ្ចក់រថយន្ត ស្រាប់តែត្រូវរថយន្តដេញបុកពីក្រោយ ហើយរថយន្តបង្កបើករត់បាត់ ស្រមោល ដែលករណីនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣កែងផ្លូវបេតុង ការរាស់សាំងសមប្រាថ្នា ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ​ស៊េរី២០០៦ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1W-7521 ​បើកបរក្នុងទិសដៅពីជើងទៅត្បូង ជិះគ្នា ៤នាក់ ស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។ សពជនរងគ្រោះមានឈ្មោះ ឡូ គីមឡេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរព្រូរថយន្ត​ ស្នាក់នៅការាស់រថយន្តកុងតឺន័រ ហាក់ម៉ៅ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មំ ។

ម្ចាស់ម៉ូតូឈ្មោះ យឿន សុឈីត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅការាស់រថយន្តជាមួយគ្នា មានស្រុកំណើតភូមិព្រៃល្វា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ២នាក់ទៀត មិនទាន់បានស្គាល់ឈ្មោះនៅឡើយ ។

តាមសម្តីមិតភក្តិជនរងគ្រោះ ដែលរួមដំណើរជាមួយម្នាក់ សុំមិនបញ្ចេញឈ្មោះ ​បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅដើរលេង ផឹកស៊ីនៅម្តុំផ្លូវជាតិលេខ៣ ជិតសង្កាត់ចោមចៅ ​ដោយមានគ្នា ៧នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីម មួយគ្រឿង និងស្មាស ១គ្រឿង ក្នុងនោះម៉ូតូម៉ាកហុងដាឌ្រីមជិះគ្នា ៤នាក់ និងម៉ូតូស្មាសជិះគ្នា ៣នាក់ ​។

លុះពេលយប់ជ្រៅ ក៏បាននាំគ្នីគ្នាត្រឡប់ទៅកា​រាស់រថយន្តរបស់ខ្លួនវិញ ហើយពេលបើកម៉ូតូជិតដល់ចំណុច​កើតហេតុ ​ក៏មានទំនាស់ជាមួយរថយន្តមួយគ្រឿង ជាប្រភេទរថយន្តកូរ៉េទ្រុង ពណ៌ស មិនចាំស្លាក់លេខ ជិះគ្នា ២នាក់ បើកបរស្របគ្នា ហើយស្រាប់តែខាងភាគីរថយន្តបង្ក បានយកដុំថ្មគប់ពួកគាត់ ដែលជិះម៉ូតូម៉ាកស្មាស រហូតបានធ្វើឱ្យពួកគាត់បានយកដុំថ្មគប់កញ្ចក់រថយន្ត ខាងលើវិញ ស្រាប់តែរថយន្តបង្ក ​ដេញបុកម៉ូតូម៉ាកស្មាសពីក្រោយ ​បន្ទាប់មកម៉ូតូម៉ាក់ស្មាស ​បានគេចទៅផ្នែកខាងស្តាំផុត ហើយរថយន្តបង្ក​បានបើកបំបុក ម៉ូតូរងគ្រោះហុងដាឌ្រីម ​ជិះគ្នា ៤នាក់ ដែល​បន្ថយល្បឿនរង់ចាំម៉ូតូម៉ាកស្មាស ដែលជិះពីក្រោយ ។

បន្ទាប់មករថយន្តបង្ក ​បានបើកបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹង នៅមាត់ច្រក ចូលទៅការាស់រថយន្ត បណ្តាលឱ្យអូសជាច្រើនម៉ែត្រ ហើយ​រថយន្តបង្កខាងលើ បានបន្ថែមល្បឿនគេចខ្លួនបាត់​ធ្វើឱ្យជនរងគ្រោះស្លាប់ នៅកន្លែងកើតហេតុម្នាក់ ២នាក់ទៀតរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ​ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសមៈចំនួន២នាក់ ចំណែកម្នាក់ទៀត រងរបួសស្រាលមិនបានទៅព្យាបាលឡើយ ។

ក្រោយពេលកើតហេតុ ​សពត្រូវបានបងប្អូន ដែលធ្វើការជាមួយគ្នា បានហៅរថយន្តដឹកសព​យកទៅធ្វើបុណ្យតាមប្រពីណី នៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ខណ្ឌយកទៅរក្សាទុក ដើម្បីរង់ចាំប្រគល់ឱ្យបងប្អូនម្ចាស់ម៉ូតូវិញ ៕ សហការី KBN