ភ្នំពេញ៖ បុរសម្នាក់ស្ថិតក្នុងសភាព ស្រវឹងស្រាដល់ក មុខឡើងក្រហមងាំង មិនដឹងទើបមកពីផឹកសុី ពីទីណានោះទេ បានជិះម៉ូតូទៅរកសេវាកោសជប់ ខណៈទៅដល់មុខផ្ទះ ម៉ាស្សាកោសជប់ហើយបត់ម៉ូតូ បំរុងបត់ចូល តែទប់ដៃចង្កូតមិនជាប់ បែរជាដួលភីង ផ្អើលស្រ្តីម៉ាស្សា នាំគ្នាទៅជួយចាប់ជួយលើក កាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០០៤ មុខផ្ទះកោសជប់ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

បុរសខាងលើ ក្នុងវ័យជាង៣០ឆ្នាំ ស្រវឹងស្រាជោគ ភ្នែកមមីសុឹងបើកមិនរួច មុខឡើងក្រហមងាំង ដូចរងើកភ្លើង មិនដឹងទើបមកពីផឹកទីណានោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

មុនពេលកើតហេតុ បុរសខាងលើ បានជិះម៉ូតូពីត្បូងទៅជើង ដើររកសេវាកោសជប់ លុះដល់ចំណុខផ្ទះម៉ាស្សា កោសជប់ខាងលើ អ្វីដែលខ្លួនប៉ងនោះ ត្រូវបានស្រ្តីម៉ាស្សាហៅឲ្យចូល ឃើញដូច្នោះ ជាន់ហ្វ្រាំងបំរ៉ុងបត់ចូល តែដោយសារអំណាចនៃជាតិស្រវឹង ទប់ដៃចង្កូចខ្លួនមិនបាន ដួលភីង ចូលទឹកដក់ចិញ្ចើមផ្លូវ ត្រូវបានក្រុមនារីៗម៉ាស្សា រត់ទៅជួយលើក។

បន្ទាប់ពីលើករួច គ្រាន់តែឡើងម៉ូតូ បត់ចូលផ្ទះ ហើយមូលហ្គែរជ្រុល ក៏ត្រូវបានដួលសារជាថ្មី អ្វីៗដែលបុរសខាងលើ បញ្ចេញពេលនេះ ដោយសារខ្លួនស្រវឹង ត្រូវបានអ្នកសារពត៌មាន មកដល់ល្មម ថតយករូបភាព សកម្មភាពពិតៗតែម្តង។ ដោយខ្លាចខ្មាសគេពេក ក្រោយពីក្រុមស្រ្តីម៉ាស្សា ជួយលើកបានហើយ ក៏ខំបបោលម៉ូតូ ចូលផ្ទះម៉ាស្សាបាត់ឈឹង៕