ជាទូទៅប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋ តាមទីជនបទ ឬតាមខេត្តមិនមានចំណេះដឹងគ្រប់គ្រាន់​ យល់ដឹងពីការ ទទួលយកកម្ចី របៀបនៃការ សងប្រាក់ត្រលប់មកវិញឡើយ ឬ ការគណនាអត្រាការនានានោះឡើយ។ ដូច្នេះហើយ មានជនខិលខូចមួយចំនួន បានថ្ពឹនភ្នែកប្រជាពលរដ្ឋ ដោយរៀបចំកិច្ចសន្យាមិនស្របច្បាប់ ធ្វើឲ្យអតិថិជនមួយចំនួននោះ បានក្លាយជាជនរងគ្រោះទៅវិញ រីឯជនខិលខូចនោះ បានឆ្លៀតឱកាសនេះដើម្បីទទួលបានផលចំណេញ។

រាជធានីភ្នំពេញ ថ្ងៃទី​១៨ សីហា ២០១៧ ៖ ការ​​ប្រកួត​ប្រជែង​ ផ្ដល់​សេវា​ឥណទាន​របស់​បណ្ដា​​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុង​តែ​មានសកម្មភាព​ យ៉ាង​ផុសផុល ។ ថ្វីដ្បិត​តែ​វិស័យ​មួយ​នេះ ​​កំពុង​មាន​សុខ​ភាព​ល្អ តែ​បើ​​មើល​ពី​​អតិថិជន ដែល​ទទួល​សេវា​មួយ​នេះ​​វិញ​ ហាក់​កំពុង​ប្រឈម​ បញ្ហា​ជាច្រើន ពិសេស​ការ​រិះ​​រក​វិធី ​ដើម្បី​ដោះ​បំណុល​ ខណៈ​គ្រឹះ​ស្ថាន​មួយ​ចំនួន​ ព្រោះ​តែ​ចង់​បាន​អតិថិន​​​ល្អ បាន​ប្រើ​ប្រាស់​មធ្យោបាយ​ខុស​ឆ្គង សុខ​ចិត្ត​ឲ្យ​កូន​បំណុល ​ខ្ចី​ប្រាក់​​បន្ថែម ឬ​បន្ដ​កិច្ច​សន្យាថ្មី ដោយ​ស្ទើរ​តែ​ពុំ​មាន​លក្ខខណ្ឌ និង​ចុះ​សិក្សា​ឡើង​វិញពី​ចំណូល និង​លទ្ធភាព​នៃការ​សង​ត្រលប់​របស់​អតិថិ​ជនឡើយ ។ ​ចំណែក​គ្រឹះស្ថាន​មួយ​ចំនួន​ទៀត ដើម្បី​រក្សា​អតិថិជន​ និង​ចំណូល​របស់​ខ្លួន មិន​អនុញ្ញាត​ឲ្យ​កូន​​បំណុបង់​ផ្ដាច់​​​មុន​កាល​កំណត់​ទេ ដោយ​​តម្រូវ​ឲ្យ​បង់​ប្រាក់​​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ ​​ធ្វើ​ឲ្យ​កូន​បំណុល​មិន​អាច​ទទួល​យក​បាន ដោយ​សំអាង​​លើក​កិច្ច​សន្យា ​ដែល​បាន​ព្រម​ព្រៀងតាម​លក្ខ​ខណ្ឌ​​​​ពី​ខាង​​ដើម ​។​

ជាក់ស្តែងថ្មីៗនេះមានករណី កើតឡើងនៅតាមបណ្តាលខេត្តមួយចំនួនដូចជា តាកែវ កំពង់ឆ្នាំង ត្បូងឃ្មុំ និងស្រុកបារាយណ៍​ខេត្តកពង់ធំ គឺស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ បានរៀបចំកិច្ចសន្យាខ្ចីប្រាក់ធ្វើឡើងដោយបំពានច្បាប់ មិនអនុលោមតាមច្បាប់ និងខ្វះសុចរិតភាព ដោយក្នុងកិច្ចសន្យានោះបានបញ្ជាក់ថា ប្រសិនបើអតិថិជន ស្នើសុំធ្វើការទូទាត់សងឥណទាន ឬបង់ផ្ដាច់កម្ចីមុន​ គេតម្រូវឲ្យអតិថិជនបង់ការប្រាក់រយៈពេលពី ២៤ ខែ ឬ ៣៦​ខែ ប្រាក់ពិន័យលើការទូទាត់សងមុនកាលកំណត់!!! ខ្លឹមសារនេះមានលក្ខណៈថ្ពឹនភ្នែក ហើយមិនគោរពតាមច្បាប់របស់ធនាគារជាតិនៃកម្ពុជាឡើយ។

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានប្រតិកម្ម និងជួយដោះស្រាយ ក្នុងស្ថានភាពនេះយ៉ាងឆាប់រហ័ស ក្រោយពេលទទួលបានដំណឹងទាំងនោះ។ ប្រហែលមកពី មានករណីជាច្រើនដែលមានអតិថិជនបានតវ៉ាពីសកម្មភាពរបស់ប្រាសាក់រយៈពេលថ្មីៗចុងក្រោយនេះ។​

នេះជាសេចក្តីក្រើនរំលឹក ដល់អតិថិជនដែលខ្ចីប្រាក់ សូមទទួលយកការប្រឹក្សាយោបល់ ឲ្យបានច្រើនមុននឹង សម្រេចចិត្តទទួលកម្ចី ហើយជាពិសេស មុននឹងចុះហត្ថលេខា លើឯកសារណាមួយសូមអាន និងស្វែងយល់ឲ្យបានត្រឹមត្រូវ។ បើលោកអ្នកមានបញ្ហាទាក់ទង នឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ សូមទំនាក់ទំនងទៅលេខទូរស័ព្ទ (Hotlines) របស់ធនាគារជាតិ ដែលរួមមាន​៤ខ្សែ គឺ 085 600 002 / 085 600 003 / 098 220 001 / 098 220 002 ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង ៨ព្រឹករហូតដល់ម៉ោង ៥​ល្ងាច។

ដើម្បី​រក្សា​នូវ​សុខភាព​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​​ឲ្យមាននិរន្តរភាព និង​បន្ដ​​​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​ជាតិ សូម​អំពាវ​នាវ​ដល់ គ្រឹះ​ស្ថានផ្ដល់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់ មេត្តា​អនុវត្ត​តាម​ជំនាញ និង​វិជ្ជាជីវៈ​របស់​ខ្លួនឲ្យ​បាន​ខ្ជាប់​ខ្ជួន និង​គិត​ពី​ផល​ប្រយោជន៍​ប្រជាជនជាធំ ស្រប​តាម​យុទ្ធ​សាស្ត្រ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន ៕