ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលីសក្រសួងមហាផ្ទៃ ដើមបណ្តឹង ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមសហការណ៍ ពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ តាមស្ទាក់ឃាត់ខ្លួនបាន ក្នុងសំណុំរឿងបណ្តឹងចោទប្រកាន់ ចេញសែកស្អុយឲ្យជនរងគ្រោះ ។

កិច្ចប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃ១៦ សីហា ២០១៧ ត្រង់ចំណុចភ្លើងស្តុប២០០៤ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ត្រូវបានតុលាការចេញដីកាចាប់ខ្លួន មានឈ្មោះ ឆេង ខេងទ័ង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១០ ផ្លូវ១៤ សង្កាត់និរោធិ ខណ្ឌច្បារអំពៅ ។ ចំណែកដើមបណ្តឹង មានឈ្មោះ ហួន ផល្លឹក ភេទស្រី អាយុ៥៤ឆ្នាំ ។ តាមប្រភពពីភាគីដើមបណ្តឹង បានឲ្យដឹងថា ក្នុងបណ្តឹង ជនសង្ស័យបានចេញសែកស្អុយ ឲ្យទៅជនរងគ្រោះ ក្នុងទឹកប្រាក់៣មុឺនដុល្លា ។ ប្រភពបន្តទៀតថា ជនសង្ស័យមិនបាន ចូលខ្លួនដោះស្រាយ ចំពោះមុខច្បាប់ រហូតដល់តុលាការចេញដីកា បង្គាប់ឲ្យចូលខ្លួនលេខ២០៨ អ.យ.ឃ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ចេញដោយលោក សឺ វណ្ណនី តំណាងអយ្យអមសាលាដំបូង រាជធានីភ្នំពេញ ។

ជនសង្ស័យក្រោយពីតុលាការ ប្រកាសបង្គាប់ឲ្យចូលខ្លួន លុះរហូតដល់ វេលាម៉ោងខាងលើ ភាគីដើមបណ្តឹង ប្រទះឃើញជនសង្ស័យ ជិះរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2186 កំពុងធ្វើដំណើរ ជាមួយស្រ្តីម្នាក់ កាត់តាមផ្លូវ២០០៤ ពីត្បូងទៅជើង ប្តឹងប៉ូលីសខណ្ឌពោធិសែនជ័យ ឲ្យជួយឃាត់រថយន្ត និងជនសង្ស័យ ហើយត្រូវបានប៉ូលីសក្រសួងមហាផ្ទៃ រួមជាមួយ តំណាងអយ្យការអមសាលាដំបូង មកសម្របសម្រួល នាំខ្លួនជនសង្ស័យ ទាំងរថយន្ត ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕

សហការី KBN