ខេត្តព្រៃវែង៖ បុរស២នាក់បានស៊ីឈ្នួលកាប់ដើមឈើទាលមួយដើម ស្រាប់តែរលំសង្កត់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសបាក់ដៃម្នាក់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទិ១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងវត្តស្វាយឧត្តម ភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

មន្ត្រីនគរបាលស្រុកបាភ្នំ បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍កាប់ដើមឈើរលំសង្កត់នោះ ទី១-ឈ្មោះ ស៊ាន កុសល ភេទប្រុស​៣៨ឆ្នាំ (ស្លាប់) និងទី២-ឈ្មោះ ដុក ធី ភេទប្រុស ​អាយុ៣៧ឆ្នាំ។ ពួកគេទាំង២នាក់ មានមុខរបរជា​អ្នកស៊ីឈ្នួលអារដើមឈើ និងមានលំនៅក្នុងភូមិផ្លូវរលួស​ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានដឹករណារម៉ាស៊ីន មកស៊ីឈ្នួលអារដើម​ឈើ​ទាលដ៏ធំមួយដើម នៅត្រង់ចំណុចខាងលើ។ លុះពេលពួកគាត់កាត់ដើមឈើទាលនោះរលំ ស្រាប់តែមែករបស់វា វាយសង្កត់ទៅលើឈ្មោះ ស៊ាន កុសល បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច និងម្នាក់ទៀតឈ្មោះ ដុក ធី បានរងរបួសបាក់ដៃឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយ​សារមែកឈើវាយសង្កត់ពីលើស្លាប់ប្រាកដមែន ហើយក៏ប្រគល់ឲ្យសាច់ញាតិដឹកទៅធ្វើបុណ្យ​តាមប្រពៃណី៕ សហការី KBN