ប្រទេសថៃ៖ ពលករខ្មែរប្រុសស្រីចំនួន៣២នាក់ បានចាញ់បោកមេខ្យល់ នាំចូលទៅស្វែងរកការងារធ្វើ នៅក្នុងប្រទសថៃ ក៏ត្រូវសមត្ថកិច្ចរបស់ប្រទេសនេះចាប់ខ្លួន កាលពីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅខាងមុខវត្តស្រះហ្លួង ស្ថិតក្នុងឃុំណងសាំង ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចថៃ បានឲ្យដឹងថា រថយន្តដឹកពលករខ្មែរ ដែលសមត្ថកិច្ចតម្រួ និងនគរបាលអន្តោប្រវេសន៍​ថៃ​ចាប់នោះ ម៉ាកទួរីស ពាក់ស្លាកលេខ បាងកក៣២.០៨៤១ បើកបរដោយឈ្មោះ អ៊ុស្មាន ស៊ូឡុង ភេទប្រុស អាយុ​៣៦ឆ្នាំ រស់នៅភូមិ៧ ឃុំតាលុពោធិ ស្រុកមឿង ខេត្តប៉ាតានី។ ចំណែករថយន្តនេះ មានដឹកពលករ​ខ្មែរ​សរុប​ចំនួន​៣២​នាក់ ក្នុងនោះប្រុស១៩នាក់ និងស្រី​១៣នាក់។

ប្រភពព័ត៌មានដដែល បានបន្តថា​ មុនពេលកើតហេតុ សមត្ថកិច្ចចម្រុះរបស់ថៃ បានឃើញរថយន្តខាងលើ បើកបរយ៉ាង​លឿន ក្នុងទិសដៅពីស្រុកគោកខ្យូង ឆ្ពោះទៅកាន់ទីក្រុងបាងកក និងមានចេតនាចង់បុកទម្លុះបារ៉ាស់របស់សមត្ថកិច្ច​ចម្រុះ​ថៃទៀតផង។ ដោយមានការសង័្សយបែបនេះ សមត្ថកិច្ចថៃក៏បានស្ទាក់ចាប់រថយន្តនេះ ក៏ឆែកឃើញពលករខ្មែរចំនួន​៣២​នាក់។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីសមត្ថកិច្ចស្ទាក់ចាប់រថយន្តបាន អ្នកបើកបររថយន្តបានសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តឲ្យគេតែប៉ុណ្ណោះ ដោយក្នុងមួយជើងៗ ខ្លួនទទួលបានប្រាក់ពី១៥០០បាតទៅ​២០០០បាត គឺដឹកពីស្រុកគោកខ្យូង ទៅកាន់ទីក្រុងបាងកក។

ដោយឡែកពលករខ្មែរដែលគ្មានឯកសារអ្វីបន្តិចសោះនោះ បានសារភាពថា ពួកគេទាំងអស់គ្នា ខ្លះធ្វើដំណើរមកពីខេត្តកំពង់ធំ និងខ្លះទៀតមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងទៅធ្វើការ នៅក្នុងទីក្រុងបាងកក តាមការអះអាង និងធានាពីសំណាក់មេខ្យល់ខ្មែរ ហើយពួកគេម្នាក់ៗ ត្រូវបង់លុយឲ្យមេខ្យល់ចំនួន៣០០០បាត។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចថៃបាននាំអ្នកបើកបរ និងពលករខ្មែរទាំងអស់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកអារញ្ញប្រាក់ថេត ប្រទេសថៃ ដើម្បីសាកសួរបន្តតាមនីតិវិធី៕ សហការី KBN