ខេត្តតាកែវ៖ រថយន្តដឹកដីមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ស្រាប់តែរេចង្កូទៅបុកម៉ូតូពេញទំហឹង ខ្ទាតមនុស្ស​ចូល​ក្រោមកង់រថយន្ត កិនស្លាប់យ៉ាងអណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង​១០​ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ២ ត្រង់​​ចន្លោះ​គីឡូម៉ែត្រលេខ៩៩-១០០ ស្ថិតក្នុងភូមិកំពង់​ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

មន្ត្រីនគរបាលស្រុកទ្រាំង បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាលេខ ចង្កូតស្តាំ PP-2447 មិនស្គាល់អត្ត​សញ្ញាណ​របស់​អ្នក​បើក​បរ​(រត់គេចខ្លួនបាត់)។ រីឯជនរងគ្រោះ នៅក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់នោះ​ ឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥០​ឆ្នាំ មុខរបរជានាយកសាលាព្រៃម្លូ មាន​លំនៅក្នុងភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញជនរងគ្រោះជិះមូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ តាកែវ 1J-9149 តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាស​ទិស​គ្នាជាមួយនឹងរថយន្តបង្ក បើកបោះពួយយ៉ាងលឿន។ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែ​រថយន្តរេចង្កូតទៅបុកម៉ូតូពេញទំហឹង ខ្ទាតអ្នកបើកម៉ូតូចូលក្រោមកង់រថយន្ត កិនធ្លាយខួរស្លាប់យ៉ាងអណោចអធ័មមួយរំពេច។ ឃើញហេតុ​​ការណ៍ដ៏រន្ធត់បែបនេះ​ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងទាក់ទងទៅសាច់ញាតិ ឲ្យមកដឹកសាកសពរបស់ជនរងគ្រោះ​ យកទៅធ្វើ​បុណ្យតាមប្រពៃណី។ ដោយឡែកយានយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង រួចហើយយកទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែង​រកអ្នកបើករថយន្តបង្ក នាំមកផ្តន្ទាទោសតាមច្បាប់៕ សហការី KBN