ខេត្តព្រៃវែង៖ កូនអកតញ្ញូម្នាក់ បន្ទាប់ពីខឹងនឹងឪពុកស្ដីប្រដៅ ហើយស្ទុះទៅទាញដងរ៉ែករ៉ែកទឹក វាយសំពងពីលើ​ក្បាល​គាត់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នោះមក ជននេះ ក៏ត្រូវ​សមត្ថកិច្ចតាមស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីព្រឹក ថ្ងៃទី១៥ ខែឆ្នាំដដែល នៅក្នុងឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងស្រែ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈួន ឈី ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ រីឯ​ជន​រងគ្រោះ​ជា​ឪពុក​បង្កើត​ ឈ្មោះ ឈិន ឈួន អាយុ៥១​ឆ្នាំ​ មានលំនៅក្នុងភូមិ​ជា​មួយគ្នា។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតហេតុ ជនសង័្សយគិតតែពីដើរលេង និងផឹកស៊ី មិនខំប្រឹងប្រែងធ្វើការងាររកស៊ី​ចិញ្ចឹមជីវិតដូចគេឯងនោះទេ។ ដោយសារទើសភ្នែកពេក ជនរងគ្រោះជា​ឪពុក ក៏បានស្ដីបន្ទោសឲ្យ ដើម្បីឲ្យគេភ្ញាក់រឭក ស្រាប់​តែកូនអកតញ្ញូរូបនេះ បែរជាផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទាញដងរ៉ែកបាន វាយសំពងចំពីលើក្បាលឪពុក បណ្ដាលឲ្យ​រងរបួសធ្ងន់ បែកឈាមហូរជោកខ្លួន រួចគេចខ្លួនបាត់។ លុះមកដល់ព្រឹក ថ្ងៃទី១៥ ខែឆ្នាំដដែល ជនទំនើងម្នាក់នេះ ក៏ត្រូវ​សមត្ថកិច្ចនគរបាលមូដ្ឋានតាមស្រាវជ្រាវ រហូតឃាត់ខ្លួនបាន រួចហើយនាំទៅចាត់ការតាមច្បាប់។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកមេសាង ហើយជនបង្ក​ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន នាំមកចាត់ការតាមច្បាប់ ៕ សហការី KBN