ភ្នំពេញ៖ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ រថយន្តរបស់ឃ្លាំងហួត ដែលជាជំនួយការសម្តេចតេជោហ៊ុនសែន និងជាអភិបាលខណ្ឌជ្រោយចង្វារ បានចតស្ងៀមនៅមុខសណ្ឋាគារភ្នំពេញ ស្រាប់តែត្រូវបានរថយន្តរបស់ជនជាតិចិន ២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបើកបុក ហើយចុះមករករឿង បញ្ចេញក្បាច់គុណចិន ច្រងេងចងាងដាក់អ្នកឈរមើលទៀត ក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ទាំងរថយន្ត ទាំងជនជាតិចិន ២នាក់ យកទៅការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំនុច នៅមុខសណ្ឋាគារភ្នំពេញ សង្កាត់ស្រះចកខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ស៊េរីទំនើបពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-4288 បើកបរដោយជនជាតិចិន មានគ្នា ២នាក់ រីឯរថយន្តរបស់លោកអភិបាលខណ្ឌជ្រោយចង្វារដែលចតស្ងៀមម៉ាកលុចសុីស ៥៧០ពណ៌ ស ។

ប្រភពបន្តថា មុនពេលកើតហេតុ លោកឃ្លាំងហួតបានជិះរថយន្តរបស់គាត់ ទៅស្ទីម និងត្រាំទឹកក្តៅនៅអូតែលភ្នំពេញ ដោយទុករថយន្តនៅក្នុងបរិវេណអូតែលនោះ ហើយក៏ឡើងទៅស្ទីម និងត្រាំទឹកក្តៅទឹកត្រជាក់ ក៏ស្រាប់តែមានសន្តិសុខប្រាប់ថា រថយន្តរបស់លោកត្រូវបានរថយន្តជនជាតិចិន បុកខូចខាតយ៉ាងដំណំ ពេលនោះ លោកក៏ចុះមកមើល ក៏ឃើញជនជាតិចិន ២នាក់នោះចុះពីរថយន្ត ដើរត្រេងត្រាងពេញផ្លូវ ហើយខឹងសម្បារយ៉ាងខ្លាំង រួចចេញក្បាច់គុនចិន រករឿងគេឯងទៀតផង ។

ក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅយករថយន្ត និងជនជាតិចិនបង្កទៅការិយាល័យចរាចរស្នងការនគរបាលរាជធានី ចាត់ការតាមនិតិបិធីច្បាប់ ចំណែករថយន្តរបស់លោកអភិបាលខណ្ឌ ត្រូវយកទៅជួសជុលខ្លួនឯង ។

លោកឃ្លាំងហួត បានឱ្យដឹងថា លោកមិនវែងឆ្ងាយទេ ប៉ុន្តែលោកចង់ឱ្យសមត្ថកិច្ចជំនាញ ចាត់ការតាមច្បាប់ ព្រោះជនជាតិចិនទាំង ២នាក់នោះ ស្រវឹងត្រាង បើកបុករថយន្តគាត់ ចតស្ងៀម ខូចខាតយ៉ាងដំណំ ចុះបើបើកបរតាមផ្លូវសាធារណៈ ទាំងស្រវឹងត្រាងបែបនេះ តើពួកគេបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សស្លាប់ និងរបួសប៉ុន្មាននាក់ ។

លោកបន្តថា យើងដឹងស្រាប់ហើយថា គ្រោះថ្នាក់ចរាចរសព្វថ្ងៃ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសពិការភាពច្រើន គឺបង្កឡើងដោយសារតែអ្នកស្រវឹង ហើយបើកបរនេះឯង ។ ដូច្នេះ ក្រោយពីដោះស្រាយសំណងរួចរាល់ លោកចង់ឱ្យអនុវត្តតាមច្បាប់ ដោយមិនលើកលែងឡើយ ៕ សហការី KBN