ខេត្តកណ្តាល៖ យុវជនទំនើងម្នាក់សុំលុយ ២ពាន់រៀលពីម្ដាយមិនបាន ស្រាប់តែគេផ្ទុះកំហឹងឡើង ចូលទៅក្នុងផ្ទះខ្ទាស់​គន្លឺះ ប៉ុនប៉ងដុត និងសម្លាប់ខ្លួនឯង បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិកោះដីឥដ្ឋផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវជនទំនើងខាងលើនេះ ឈ្មោះ មាស សារ៉ាក់ ភេទប្រុស អាយុ២២ឆ្នាំ មានឈ្មោះ យាវ ស៊ន អាយុ៨១ឆ្នាំ មានលំនៅក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯផ្ទះដែលត្រូវភ្លើងឆេះ​នោះ មានទំហំ​ ៧,៥ គុណនឹង៥,៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ ហើយភ្លើងបានបន្តឆេះរាលដាលដល់ជញ្ជាំងផ្ទះរបស់ឈ្មោះសៀង ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ដែលនៅជិតគ្នា អស់មួយចំហៀង មានប្រវែង៩,៥ម៉ែត្រ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនទំនើងខាងលើ បានសុំលុយចំនួន២ពាល់រៀល តែពេលនោះ​ម្ដាយ​ដែលមានវ័យជរាណាស់ទៅហើយ ក៏ប្រាប់ថា ម្ដាយអត់មានលុយទេ។ ឮបែបនេះ ស្រាប់តែគេផ្ទុះកំហឹងឡើង ក៏ចូលទៅក្នុងផ្ទះ​ រួចហើយចាក់ប្រេងដុតផ្ទះ បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបើករថយន្ត​ទៅ​ជួយពន្លត់។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ប៉ុន្តែវាគ្រាន់តែធ្វើឲ្យផ្ទះទាំង​មូល​ ត្រូវភ្លើងឆាបឆេះអស់ ហើយបន្តរាលដាលដល់ផ្ទះអ្នកដទៃបន្ថែមទៀត។ បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចក៏បានឃាត់ខ្លួនជនបង្ក នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ សហការី KBN