ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ជិះម៉ូតូសង់សេ ១០០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT-3667 ជិះបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវម៉ូតូម៉ាស៊ុយហ្ស៊ូគីស្មាស់វីពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-8040 បើកបរដោយបុរសម្នាក់ទៀត បុកពេញទំហឹង បណ្ដាលបុរសម្នាក់(ភាគីម៉ូតូសង់)រងរបួសបាក់កជើងខាងឆ្វេង ដោយសារម៉ូតូខ្លួនឯងសង្កត់ពីលើជើង ដែលករណីនេះ បានកើតឡើងកាលវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តទួលទំពូង តាមផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពី បុរសឈ្មោះ លឹម សេងឡុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ៥៦G សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បើកម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ បានអាះអាងនៅចំពោះមុខសមត្ថកិច្ចថា មុនកើតហេតុ គាត់បានជិះឌុបប្អូនប្រុសគាត់ តាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ហើយក៏មានម៉ូតូសង់សេរីចាស់ បើកបរដោយបុរសចំណាស់ម្នាក់ ជិះបញ្រា្ចស់ទិសគ្នា និងបញ្ច្រាសទិសដៅចរាចរណ៍ ឆ្លងកាត់ពីមុខម៉ូតូរបស់គាត់ ដោយជាន់ហ្រាំ្វងមិនទាន់ ក៏ជ្រុលទៅបុក ខ្ទាតម៉ូតូចេញពីគ្នា រួចម៉ូតូបុរសចំណាស់សង្កត់ពីលើជើងឆ្វេងរបស់គាត់បណ្ដាលឱ្យបាក់កជើងតែម្ដង ។

បុរខាងលើបន្តថា ទោះជាមានហេតុការយ៉ាងនេះក្ដី ក៏គាត់មិនរត់ទៅណាដែរ ព្រោះបុរសរងគ្រោះ ជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ដោយខ្លួនឯង ដូចនេះ ត្រូវនៅរង់ចាំដោះស្រាយ ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ។

សមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងខណ្ឌចំការមនបានបញ្ជាក់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ បើកបរដោយបុរសម្នាក់ បុកម៉ូតូសង់ សេ១០០ ស៊េរីចាស់ ជិះបញ្រា្ចសទិសដៅចរាចរណ៍ ហើយបណ្ដាលឱ្យអ្នកបើកម៉ូតូសង់ ឈ្មោះ សំ ចន្ថា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរមន្រ្តីពន្ធដារ ស្នាក់នៅសង្កាត់ទួលទួលទំពូងទី២ ខណ្ឌចំការមន របួសបាក់កជើងខាងឆ្វេង ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យខ្លួនឯង ហើយក៏បានវាស់វែងរួច បានយកម៉ូូតូទាំង ២គ្រឿង ដាក់អែបខាងដើម្បីសម្របសម្រួលគ្នា តែដោយមានតំណាងខាងជនរងគ្រោះស្នើរសុំឱ្យភាគីខាងម៉ូតូស្មាស់ជួយចេញថ្លៃព្យាបាល តម្លៃ ១ពាន់ដុល្លារ សហរដ្ឋអាមេរិក តែភាគីខាងម៉ូតូស្មាស់គាត់ប្រកែកថា មិនព្រមទេ ជនរងគ្រោះត្រូវតែយល់ពីការបើកបររបស់ខ្លួនឯងផង ព្រោះជាអ្នកជិះបញ្រា្ចសទិសដៅចរាចរណ៍ ហើយឱ្យគេសងតំលៃព្យាបាល សឹងតែទាំងស្រុងហើយ ។ ខាងភាគីម៉ូតូស្មាស់ជួយថ្លៃព្យាបាលត្រឹមតែ ២០០ដុល្លារប៉ុណ្ណោះ ដោយធ្វើការសម្របសម្រួលមិនត្រូវ ក៏យកម៉ូតូទាំង ២គ្រឿង មករក្សាទុកនៅអធិការដ្ឋានចំការមន រង់ចាំដោះស្រាយជាក្រោយ ៕ សហការី KBN