​ភ្នំពេញ៖ មានករណីដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងកាលពី វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៩ សីហា ២០១៧នេះ ដោយមានជនសង្ស័យ២នាក់ បានចូលទៅទិញ កូកាមួយកំប៉ុង និងទឹកបរិសុទ្ធមួយដប ឲ្យក្រដាស​មួយម៉ឺនទៅអ្នកលក់ អ្នកលក់រវល់ចូលទៅយកលុយអាប់ ចេញមកវិញ​ ត្រូវចោរកាច់សោ.កម៉ូតូហុងដាឌ្រីម ​សេរីឆ្នាំ២០១៦ យកទៅបាត់ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្នុងភូមិបាគូរ សង្កាត់ដង្កោ  ខណ្ឌដង្កោ ។

អ្នកលក់ភេសជ្ជៈដែលត្រូវចោរ លួចម៉ូតូបាត់នោះ មានឈ្មោះ ធិន ពិទូរ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធឈ្មោះ ឈៀង សារ៉ាន់ អាយុ៣១ឆ្នាំ ដោយអ្នកទាំង២រស់នៅកន្លែងកើតហេតុខាងលើ ចំណែកម៉ូតូដែលចោរលួចទៅនោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1L-7385 ។

បើតាមការរៀបរាប់ របស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ មានជនសង្ស័យពីរនាក់ បានជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ អត់ស្លាកលេខមួយគ្រឿង បានចូលមកទិញកូកាមួយកំប៉ុង និងទឹកបរិសុទ្ធមួយដប ដោយ​អោយលុយក្រដាស់១ម៉ឺនរៀលមកគាត់។ ខណៈពេលនោះ គាត់បានដើរចូលទៅក្នុងផ្ទះ ដើម្បីយកលុយអាប់អោយ​ជនសង្ស័យ ពេលដែលកំពុងយកលុយ នៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ របស់គាត់ហើយជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុភ្លាមៗ ជនរងគ្រោះបានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ធ្វើអោយផ្អើលពេញសមត្ថកិច្ច ស្ទើរតែមួយខណ្ឌ តែឃាត់បានតែបុរសពីរនាក់ ដែលមិនមែនជាជនសង្ស័យទៅវិញ។ ក្រោយមកជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោប៉ុណ្ណោះ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ ចាប់ជនសង្ស័យមកកាត់ទោស តាមផ្លូវច្បាប់៕