​ភ្នំពេញ៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានចេញល្បាត ក៏​ដេញ​​ចាប់មុខសញ្ញាចោរ​ឆក់ ២នាក់ ទាំងប៉ផាប់ពភីង កាលពីវេលា​ម៉ោង២រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៩ ខែសីហា ២០១៧ នៅ​តាម​ផ្លូវ​ចូល​​ទ័ព​អាកាស​​ពោធិ៍ចិនតុង​ កែងនឹង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ស្ថិតក្នុង​ភូ​មិ​​តា​​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ មាស រ័ត្ន អាយុ១៨ មុខរបរ​មិន​ពិតប្រាកដ ​និងទី២-ឈ្មោះ ស៊ឹម ពេជ្រ អាយុ១៨ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ។ ពួកគេទាំង២នាក់ ​ស្នាក់នៅ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយម៉ូតូ​ដែល​ពួកគេជិះធ្វើសកម្មភាព ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី០១៤ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-8926 ។ រីឯជនរងគ្រោះ ឈ្មោះ បូរ​មី ភេទ​ស្រី អាយុ២២ឆ្នាំ មុខ​របរ​ជាបុគ្គលិក​ នៃហាងខារ៉ាអូខេ ម៉ូ​ឌែ​ន​​ស៊ី​ធី ផ្លូវជាតិ​លេខ៣ ស្នាក់នៅ​ក្រោយ​វិទ្យាល័យ​ជម្ពូ​វ័​ន ភូមិ​ព្រៃ​ពង្រខាងត្បូង​សង្កាត់​ចោមចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ និងមានស្រុកកំណើត​នៅ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បើតាម​សម្តី​របស់​ជនរងគ្រោះ​ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នាងបានជិះ​ម៉ូតូ​ ម៉ាកធូ​ដេ ពណ៌ក្រហម តែម្នាក់ឯង តាមបណ្ដោយផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត។ លុះ​ពេលនាងជិះ​ម៉ូតូមកដល់​កន្លែងកើតហេតុខាងលើ ស្រាប់តែ​លេចមុខ​​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​មកអែបនឹងម៉ូតូរបស់នាង រួចហើយក៏​លូកដៃ​ឆក់​កាបូបរបស់នាង។ ប៉ុន្តែនៅពេលនោះ នាង​បានដឹងខ្លួនខ្លួនទាន់ ក៏​ឆក់បានមកវិញ ហើយស្រែកថា ចោរៗ ធ្វើឲ្យផ្អើលដល់​សមត្ថកិច្ច​ នៃអធិការដ្ឋាន​នគរបា​លខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​ល្បាត ​ដេញចាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ​ទាំង២នាក់​ បញ្ជូនទៅ​កាន់​អធិការដ្ឋាន​នគរបាលខណ្ឌ ដើម្បីចាត់បន្តតាមនីតិវិធី៕ សហការី KBN