មោទនភាពសម្រាប់ប្រទេសកម្ពុជាយើងដែលគួររំលឹកឡើងវិញមួយនោះ គឺគម្រោងអាជីវកម្មមួយរបស់កូនខ្មែរយើងបានទទួលជ័យលាភីលេខ១ក្នុងការប្រកួតប្រជែងគម្រោងអាជីវកម្មថ្នាក់តំបន់ដែលរៀបចំដោយ JICA កាលពីខែកក្កដា ឆ្នាំ២០១៦​ នៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ក្រុមកម្ពុជាដែលទទួលបានជ័យលាភីលេខ១នោះគឺ​ គម្រោងអាជីវកម្ម Healthogo ដែលផ្តោតទៅលើការដោះស្រាយនូវបញ្ហា និងកង្វល់ជុំវិញវិស័យសុខាភិបាលដោយផ្តោតសំខាន់ទៅលើការផ្សាភ្ជាប់រវាងប្រជាជនទូទៅ និងអ្នកផ្តល់សេវាសុខាភិបាលទាំងក្នុងប្រទេស និងក្នុងតំបន់អាស៊ានផងដែរ។ លោក សាំង​ តារារស្មី ដែលជាអ្នកផ្តួចផ្តើមនូវគំនិត និងអភិវឌ្ឍគម្រោងអាជីវកម្មនេះក្រោមការហ្វឹកហាត់ បណ្តុះបណ្តាល និងប្រឹក្សាជាមួយនឹងគ្រូដឹកនាំ ក៏ដូចជាក្រុមការងារ​ បានឲ្យដឹងថា «អ្វីដែលជាចក្ខុវិស័យចម្បងរបស់យើង​នោះ គឺបុគ្គលគ្រប់រូបគួរតែមានភាពងាយស្រួលក្នុងការទទួលបានចំណេះដឹងសុខភាព​ សេវាសុខភាព និងសុខភាពដែលល្អប្រសើរ ព្រមទាំងប្រកបដោយទំនុកចិត្ត»។

គួរបញ្ជាក់ផងដែរថា​ Healthogo ជាគម្រោងមួយរបស់ក្រុមហ៊ុន Healthtime Corp ដែលជាក្រុមហ៊ុនចែករំលែកនូវចំណេះដឹងសុខភាពឥតដែនកំណត់ និងប្រកបដោយទំនុកចិត្តអស់រយៈកាលជាង៥ឆ្នាំមកហើយ ដែលហេលស៍ថាមក៏ជាសហគមន៍ដ៏ធំមួយដែលប្រមូលផ្តុំដោយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងកំពូលៗ និងជំនាន់ថ្មីជាច្រើនរូប។ ក្រោយពីទទួលបានជោគជ័យគួរជាទីមោទនៈកាលពីឆ្នាំមុន អាជីវកម្មមួយនេះក៏បានចាប់ផ្តើមលេចចេញជារូបរាងនាដើមឆ្នាំ២០១៧ ដោយបានដាក់ចេញនូវគេហទំព័ររបស់ខ្លួន គឺ www.healthtime.tips ដែលអាចឲ្យអ្នកប្រើប្រាស់ស្វែងរកនូវស្ថាប័នផ្តល់សេវាកម្មសុខភាព ព្រមទាំងទទួលបាននូវចំណេះដឹងសុខភាពដ៏សម្បូរបែប និងគួរឲ្យទុកចិត្តបំផុត។ ស្របតាមបច្ចេកវិទ្យាដ៏ជឿនលឿន និងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សាធារណជនបន្ថែមទៀត Healthtime ក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា Healthogo ដែលនឹងជា«ជម្រើសទីមួយសម្រាប់ការស្វែងរកគ្លីនិកនៅកម្ពុជា» ដែលលោកអ្នកអាចធ្វើការស្វែងរកបាននៅលើ App Store និង Google Play។


ងាកមកដើមហេតុនៃការផ្តួចផ្តើមនូវគំនិតអាជីវកម្មនេះឡើងវិញ លោក សាំង តារារស្មី ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Healthtime Corp ផ្ទាល់ក៏បានជម្រាបជូនប្រកបដោយទំនុកចិត្ត និងឆន្ទៈយ៉ាងមុតមាំថា «Healthtime តែងតែជឿជាក់ថា អាជីវកម្មដែលមាននិរន្តភាពទៅបាន ដរាបណាវាជាដំណោះស្រាយដែលត្រឹមត្រូវ និងល្អប្រសើរសម្រាប់បញ្ហាអ្វីមួយ ហើយយើងក៏សង្កេតឃើញថា អាជីវកម្មដែលដោះស្រាយនូវបញ្ហាសុខភាព ហើយបើនិយាយឲ្យចំទៅ គឺការផ្សាភ្ជាប់រវាងអ្នកជំងឺទៅនឹងសេវាសុខភាពដែលល្អបំផុតសម្រាប់ពួកគេនេះ នៅមិនទាន់មាននៅឡើយ ស្របពេលដែលវាជាតម្រូវការដ៏ចាំបាច់មួយសម្រាប់ទ្រទ្រង់សុខមាលភាពនៃប្រជាជនគ្រប់ស្រទាប់វណ្ណៈ»។ លោកក៏បានបន្តទៀតផងដែរថា «ពេលខ្លះ ទោះបីជាមានធនធានគ្រប់គ្រាន់ (ទ្រព្យសម្បត្តិ និងពេលវេលា)ហើយក៏ដោយ ការស្វែងរកសេវាកម្មសុខភាពក៏នៅតែពិបាក និងត្រូវការរយៈពេលមិនឆាប់នោះទេ។ ជួនកាល ទម្រាំតែអាចរកបាននោះ ក៏យឺតពេលបាត់ទៅហើយ។ ខ្ញុំធ្លាប់មានវិប្បដិសារី ដែលមិនអាចស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលាសម្រាប់ម្តាយរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនមានវិប្បដិសារីដូចជាខ្ញុំឡើយ។ នេះជាអ្វីដែល Healthogo ចង់ធានាឲ្យបាន»។

 កម្មវិធីទូរស័ព្ទ Healthogo នឹងជាទីប្រឹក្សាក្បែរខ្លួនអ្នក​ ដែលនាំលោកអ្នកទៅកាន់ពិភពមួយជាមួយនឹងទិន្នន័យប្រកបដោយទំនុកចិត្តទាក់ទិននឹងវិស័យសុខាភិបាល។ គួរបញ្ជាក់ផងដែរថា សម្រាប់សាធារណជន លោកអ្នកមិនត្រឹមតែអាចស្វែងរកគ្លីនិកទៅតាមប្រភេទជំងឺ និងទីតាំងដែលស័ក្តិសមបំផុតសម្រាប់់អ្នកនោះទេ គឺអាចធ្វើការណាត់ជួប និងប្រឹក្សាខ្លះៗជាមួយវេជ្ជបណ្ឌិតតាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចអាននូវចំណេះដឹងសុខភាព​ដែលភាគច្រើនជាការចែករំលែក និងណែនាំពីសំណាក់វេជ្ជបណ្ឌិតឯកទេសផ្ទាល់ ហើយអ្វីដែលរឹតតែពិសេសនោះ គឺធ្វើការវាយតម្លៃតាមរយៈការបញ្ចេញមតិយោបល់ និងផ្តល់ពិន្ទុដោយសុក្រឹត្យយុត្តិធម៌ទៅលើសេវាសុខភាពនៃគ្លីនិកដែលលោកអ្នកធ្លាប់បានទទួលសេវា ដើម្បីជាការរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេស និងជួយដល់អ្នកប្រើប្រាស់ដទៃទៀតក្នុងការជ្រើសរើសគ្លីនិក។
ចាប់ពីពេលនេះទៅ ការស្វែងរកសេវាកម្ម និងចំណេះដឹងសុខភាពដែលអាចទុកចិត្តបាន នឹងអាចធ្វើទៅបានជាមួយនឹងការclickតែប៉ុន្មានដងប៉ុណ្ណោះ ជាមួយនឹងHealthogoនៅក្នុងដៃរបស់អ្នក…


សម្រាប់ការទាញយក​ Healthogo App នៅលើ ៖
App Store : https://appsto.re/us/qLyZkb.i
Google Play : https://play.google.com/store/apps/details?id=com.healthtime.project.healthtime&hl=en