ប្រទេសថៃ៖ ក្មេងប្រុស ស្រីចំនួន ៥នាក់ មានអាយុពី ៦ ដល់ ១២ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាបងប្អូនបង្កើត រស់នៅតែលតោលជាមួយគ្នា នៅក្នុងខ្ទមតូចមួយកន្លែង ស្ថិតក្នុងស្រុក ខ្លង់ផម ខេត្តក្រះប៊ី គ្មានឪពុកម្ដាយ ឬសាច់ញាតិ ណាម្នាក់រស់នៅជាមួយឡើយ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនធ្លាក់ខ្លួនដល់តំណាក់កាលលំបាកនេះ ម្ដាយឪពុករបស់ក្មេងៗទាំងនោះ បានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ម្ដាយ រត់ចោលកូនៗទាំងអស់នោះ រយៈពេល ២ ទៅ ៣ខែមកហើយ ។

មិនយូរប៉ុន្មាន បុរសជាឪពុក ត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់គ្រឿងស្រវឹង ដោយបណ្ដាលឱ្យកូនៗ ទាំង ៥នាក់ រស់នៅតែលតោល គ្មានឪពុកម្ដាយ នៅចិញ្ចឹមរហូត ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មានក្ដីអាណិតអាសូរជាពន់ពេក បាននាំគ្នាយកអង្ក បាយ នំចំណី ខ្លះៗ ទៅឱ្យពួកគេ ។

ជួនកាល ថ្ងៃខ្លះគ្មានអ្វីហូប ក្មេងៗទាំងនោះ បានចេញទៅរកអាហារ ដើម្បីដោះទាល់ ។ ជាមួយគ្នានេះដែរ ក្រុមអ្នកភូមិ បានអំពាវនាវ ដល់សុប្បុរសជនទាំងអស់ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ មេត្តា ជួយដល់ក្មេងៗទាំង ៥នាក់នោះផង ៕
សហការី KBN
ប្រភព៖ កៅសុទ្ធ