ប្រទេសកូរ៉េ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីម្នាក់ របស់កូរ៉េខាងត្បូង បានប្តឹងអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ ជនជាតិកូរ៉េម្នាក់គឺលោក Kim Kiduk ដោយបានចោទប្រកាន់ថា អ្នកដឹកនាំរឿងរូបនោះ បានបង្ខំនាងឲ្យថតឈុតអាសអាភាស ហើយថែមទាំងប្រើអំពើហិង្សា លើរូបនាងទៀតផង ។

ដោយឡែក តារាស្រីដែលល្បីឈ្មោះរូបនោះ មិនត្រូវបានគេបង្ហាញឲ្យស្គាល់អត្តសញ្ញាណនោះឡើយ គ្រាន់តែគេដឹងថា នាងធ្លាប់សម្តែងក្នុងរឿង Moebius ដែលល្បីល្បាញកាលពីឆ្នាំ២០០៣ ហើយការប្តឹងផ្តល់នេះ ធ្វើឡើងកាលពីពេលថ្មីៗនេះផងដែរ ប៉ុន្តែរឿងរ៉ាវដែលនាងយកមក ចោទប្រកាន់ក្នុងពាក្យបណ្តឹង របស់នាងនោះ កើតឡើងនៅពេលដែលនាង សម្តែងរឿងថ្មីមួយ ដែលនិពន្ធដោយលោក Kim Kiduk ហើយពេលនោះ អ្នកដឹកនាំរឿងខាងលើ បានបង្ខំនាងឲ្យថតឈុតអាសអាភាស ដែលនាងទទួលយកពុំបាន។

ទោះជាយ៉ាងណា តារាស្រីរូបនោះមិនបានចេញមុខ ក្នុងពេលដាក់បញ្ចាំងរឿងរបស់នាងនោះទេ ព្រោះនាងបានសម្រេចចិត្ត ឈប់ថតបន្តទៀតទាំងពាក់កណ្តាលទី ហើយអ្នកដឹកនាំរឿងក៏បាន ប្តូរតារាស្រីសម្តែងថ្មី ដើម្បីថតបន្តពីនាងផងដែរ ។

​យោងតាមប្រភព របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា តារាស្រីរងគ្រោះ បានប្តឹងលោក Kim ពីបទប្រើអំពើហិង្សា ដោយនាងបាននិយាយថា លោក Kim បានបង្ខំឲ្យនាងថតឈុត អាសអាភាស ដែលមិនមាននៅក្នុងកិច្ចព្រមព្រៀងនោះឡើយ ហើយនៅពេលដែលនាងបដិសេធ គាត់បានទះនាងមួយកំផ្លៀង។ ហើយនាងក៏បានបញ្ជាក់ផងដែរថា អ្នកដឹកនាំរឿងខាងលើ បានបង្ខំឲ្យនាងកាន់ប្រដាប់ភេទ របស់តួរសម្តែងប្រុស ក្នុងឈុតមួយ ដោយហេតុនេះហើយ ទើបនាងបដិសេធមិនព្រមសម្តែង ។

ចំណែកលោក Kim Kiduk បានចេញមុខច្រានចោល ការចោទប្រកាន់របស់តារាស្រីខាងលើ តែលោកទទួលស្គាល់ថា ពិតជាបានទះកំផ្លៀងតារាស្រីខាងលើ ពិតប្រាកដមែន តែវាជាផ្នែកមួយនៃការដឹកនាំរឿងប៉ុណ្ណោះ មិនបានពាក់ព័ន្ធក្នុងរឿង ដែលនាងបានចោទប្រកាន់ថា លោកបង្ខំឲ្យនាងថតឈុតអាសអាភាសនោះឡើយ ។ ហើយលោក Kim នឹងធ្វើសន្និសីទកាសែត ដើម្បីឆ្លើយតបនិងការប្តឹងផ្តល់ខាងលើនេះ នាពេលឆាប់ៗខាងមុខ ៕

ប្រភព៖ Koreaboo.com
By: KBN