ភ្នំពេញ៖ រថយន្តកុងតឺន័រ ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1574 បើកបរបញ្រា្ចស់ទិសគ្នា បុករថយន្តបែន ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំTK 0225 ដឹកថ្មអងឌឺ ពេញទំហឹង បណ្ដាលឱ្យបុរសបើករថយន្តកុងតឺន័រ គៀបជាប់ក្នុងកាប៊ីន រថយន្ត ហើយត្រូវប្រជាពលរដ្ឋជួយគាស់យកចេញមកក្រៅ ដើម្បីសង្រ្គោះ ដែលករណីនេះ បានកើតឡើងកាលវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីសមត្ថកិច្ចនគរបាល ផ្នែកសណ្ដាប់ធ្នាប់ ខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនរងគ្រោះជាអ្នកបើកបររថយន្ត មានឈ្មោះ ង៉ែត ដេត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបរស្នាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ របួសរលាត់មុខតិចតួច ត្រូវរថយន្តសង្រ្គោះ មណ្ឌលសុខភាពចាក់អង្រែ ដឹកយកទៅមន្ទីរពេទ្យបង្អែកមានជ័យ ដើម្បីព្យាបាល ។ បុរសខាងលើ ជាអ្នកបើករថយន្តកុងតឺន័រ បើកតាមផ្លូវរោងចក្រថៃហ្គ័រ ក្នុងទិសដៅពីជើងមកត្បូង ហើយមិនដឹងមូលហេតុអ្វី ស្រាប់តែជ្រុលទៅបុករថយន្តបែនដឹកថ្មអងឌឺ ពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង ២ ខូចខាតផ្នែកខាងមុខទាំងស្រុង ។

សមត្ថកិច្ចបន្តថា បើតាមសំដីបុរសឈ្មោះ ហេង វ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជាអ្នកបើករថយន្តបែន ដឹកថ្មអងឌឺបានប្រាប់ថា ដោយមុនកើតហេតុ មានធ្លាក់ភ្លៀងស្រិចៗ ហើយគាត់បើករថយន្តតាមផ្លូវរោងចក្រថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង ហើយរថយន្តកុងតឺន័រ រេចង្កូតមកបុករថយន្តគាត់ពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង ហើយគាត់សំណាងដែរ ដោយរថយន្តគាត់ចង្កូតស្ដាំ ក្រឡាប់ទៅខាងស្ដាំ មិនមានរបួសសូម្បីបន្តិច។

ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការគូសវាស់វែង រួចហៅរថយន្តប្រភេទស្ទួច បើកតាមផ្លូវ ជួយរថយន្តកុងតឺន័រចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ ដំណើរការធម្មតាវិញ ហើយចំណែករថយន្តទាំង ២គ្រឿង បានប្រគល់ឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ដើម្បីយករក្សាទុកជាបណ្ដោះអាសន្នសិន ៕ សហការី KBN