រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង​៧យប់​ ថ្ងៃទី​២​ ខែ​សីហា​ ឆ្នាំ​២០១៧ នារី​វ័យក្មេង​ម្នាក់ ដែលនាងជិតដល់ថ្ងៃ រៀបការទៅហើយ ​ត្រូវ​បានសង្ស័យ​លួងលោម ​ទៅរំលោភក្នុងផ្ទះសំណាក់ រួចយកខ្សែកង្ហារឹតកសម្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ មុនីកា ស្ថិតនៅតាមផ្លូវ៤៦០​ ក្រុម​២២​ ភូមិ​៤​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការមន ។

បើតាមការឲ្យដឹងពីប៉ូលិស ​​សពនារីជាជនរងគ្រោះ​ មានឈ្មោះ​ អ៊ី សុ​ខា​ ភេទស្រី​ អាយុ​២៦​ឆ្នាំ​ ជាជនជាតិ​វៀតណាម​ មុខរបរ​ ដេរខោអាវ​នៅ​ផ្ទះ​ ស្នាក់​ភូមិ​កោះ​នរា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ មាន​ឪពុក​ឈ្មោះ​ អ៊ី​ ធារ៉ា​ ​អាយុ​៥៩ឆ្នាំ​ មុខរបរ​យោធា​ ជាជនជាតិខ្មែរ មាន​ម្ដាយ​ឈ្មោះ​ ហៀង​ សុខលី​ អាយុ​៤៦ឆ្នាំ​ មុខរបរ​កាត់​ដេរ​សំលៀកបំពាក់​ នៅ​ផ្ទះ​ជាជនជាតិវៀតណាម ​។ ម៉ូតូ​ដែល​ជនសង្ស័យ ​ប្លន់​យក​ទៅបាត់​ ម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FT 1723 និង​លុយ​ចំនួន​៤០ដុល្លារ​ ។

​​បើយោងតាម​សម្ដី​ ឪពុក​របស់​ជនរងគ្រោះ ​បានអោយដឹងថា​ មុនពេលកើតហេតុ​ នៅវេលាម៉ោង៩ព្រឹក ​ថ្ងៃ​ទី​២​ ខែ​សីហា​ ឆ្នាំ​២០១៧​ កូនស្រី​របស់​គាត់​ ជាជនរងគ្រោះ​ បានសុំ​ម្តាយ​ចេញ​ពី​ផ្ទះ​ ដើម្បីទៅផ្សារ​ច្បារ​អំពៅ ដោយនាងបាន ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៦​ ហើយពេលម្តាយលឺថា កូនស្រីទៅផ្សារ គាត់ក៏បាន​ផ្ញើរលុយ​ចំនួន​៤០ដុល្លារ ​អោយកូនស្រី យកទៅ​ដូរ យកប្រាក់រៀល ទុកឲ្យអាប់ឲ្យភ្ញៀវ ។

​ឪពុកជនរងគ្រោះ​ បាន​រៀបរាប់បន្ត​ទៀត​ថា​ រហូតដល់ថ្ងៃត្រង់ ពួកគាត់មិនឃើញកូនស្រី ត្រឡប់មកផ្ទះវិញទេ ពួកគាត់ជាឪពុកម្តាយ បាន​​ចាំមើល​ផ្លូវកូន​​ទាំងក្តីបារម្ភ ដោយចាំបាត់​ៗយូរទៅៗ ទូរស័ព្ទ​ក៏តេមិនចូល​ មិនដឹង​ថា ​កូន​ទៅ​ទី​ណា​នោះ​ទេ​ លុះ​ដល់ម៉ោង​កើតហេតុ រូបគាត់​ជាឪពុក ​បាន​ទូរស័ព្ទ​ទៅ​កូន​ម្តងទៀត​ ក៏ស្រាប់តែ​សមត្ថកិច្ច លើកទូរស័ព្ទកូនស្រីគាត់ ហើយនិយាយប្រាប់គាត់​ថា​ កូន​របស់​គាត់​ ត្រូវ​បានគេ​សំលាប់​ ក្នុងង​ផ្ទះ​សំណាក់​មុនីកា​បាត់ទៅហើយ លឺដូចនេះ​រូបគាត់​ បាន​ទៅដល់​ផ្ទះ​សំណាក់​ ដើម្បីពិនិត្យមើល ឃើញថា ជា​កូន​របស់​គាត់ពិតមែន ប៉ុន្តែម៉ូតូនិងប្រាក់៤០ដុល្លារ បានបាត់អស់ហើយ ។

​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ បានបង្ហើបថា​ កូន​ស្រី​របស់​គាត់ ​មានគូដណ្តឹង នៅខេត្តក្រចេះ នឹងត្រូវចូលរោងការ នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ ។ កន្លងមក កូនស្រីរបស់គាត់ មិនដែលចេញពីផ្ទះទេ នៅតែផ្ទះដេរខោអាវ ជាមួយម្តាយតែប៉ុណ្ណោះ ហើយគាត់ក៏មិនបាន ដឹងថាកូនស្រី មានទំនាក់ទំនងស្នេហា ជាមួយជនសង្ស័យ ជាឃាតកតាំងពីពេលណា មកនោះទេ។

​​​​សមត្ថកិច្ច​បានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃកើតហេតុ មានបុរសជាជនសង្ស័យម្នាក់ បានទៅជួលបន្ទប់ ផ្ទះសំណាក់មុនីកា ស្នាក់នៅបន្ទប់លេខ៣២ ដោយបានប្រាប់ ម្ចាស់ផ្ទះសំណាក់ថា ជួលពេញមួយថ្ងៃ ។ បន្ទាប់ពីជួល ផ្ទះសំណាក់រួចហើយ ជនសង្ស័យបានឡើង ទៅក្នុងបន្ទប់មុន រួចហើយទើបឃើញ ជនរងគ្រោះ ​មកតាមក្រោយ ឡើងទៅបន្ទប់លេខ៣២ បានមួយសន្ទុះក្រោយមក ស្រាប់តែឃើញ​ជនសង្ស័យ ​ចុះមកតែម្នាក់ឯង ធ្វើឲ្យ​មេការផ្ទះសំណាក់ឆ្ងល់ ក៏សួរនាំថា ចេញហើយរឺនៅ តែ​ជនសង្ស័យ បានតបថានៅទេ គាត់ចេញទៅក្រៅ មួយភ្លែត រួចហើយក៏ជិះម៉ូតូ របស់ជនរងគ្រោះ ចេញទៅបាត់រហូត ។

​លុះ​ដល់ម៉ោងជាង៣រសៀល ថ្ងៃដដែល បុគ្គលិក​អនាម័យ ផ្ទះសំណាក់បាន​លឺសូរ សំលេងស្រែកបន្តិច ចេញពី​ក្នុង​បន្ទប់លេខ៣២ ក៏បានហៅមេការ ទៅចាក់សោបន្ទប់មើល ឃើញជនរងគ្រោះ អង្គុយផ្អែកនឹងជញ្ជាំង​ មានខ្សែកង្ហា​ចងរឹត.ក ស្លាប់បាត់ទៅហើយ ។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃកើត​ហេតុ​ ម្ចាស់ផ្ទះសំណាក់ ក៏បានទូរស័ព្ទរាយការណ៍ ទៅ​សមត្ថកិច្ចអោយចុះមកកន្លែង កើតហេតុដើម្បីពិនិត្យ នៅក្នុងបន្ទប់ផ្ទះសំណាក់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យជាក់ស្តែង នៅក្នុងបន្ទប់កើតហេតុ ជនសង្ស័យបានប្រើប្រាស់ ស្រោមអនាម័យអស់ចំនួន២ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យអាចនិងលួងលោម ជនរងគ្រោះមកជួប នៅផ្ទះសំណាក់ រំលោភចំនួន២ដង រួចយកខ្សែកង្ហារឹតកសម្លាប់ ប្លន់យកម៉ូតូហុងដាឌ្រីម និងប្រាក់ចំនួន៤០ដុល្លារ ។

ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះសំណាក់ព្យាយាម លាក់លៀមមិនអនុញ្ញាតិ ឲ្យអ្នកយកព័ត៌មាន ថតរូបភាពនោះទេ ។ ​ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យនៅឯផ្ទះ​តាមប្រពៃណី ។ ​ករណីឃាតកម្មរំលោភ ហើយរឹតកសម្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់នេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

សហការី KBN