ភ្នំពេញ៖ កាលពី​វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៧ ស្រ្តីជាម្ដាយ​របស់ក្មេងស្រីម្នាក បានចាប់ស្រ្តីមេខ្យល់ម្នាក់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការ ដោយចោទប្រកាន់ពីបទ បោកកូនស្រីគាត់ចង់យកទៅលក់ នៅប្រទេសចិន ​។ ការចាប់ខ្លួននេះដែរ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៧នៅចំណុច បន្ទប់ជួលភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

​ក្មេងស្រីរងគ្រោះមានឈ្មោះ ស ល អាយុ ១៦ឆ្នាំ មុខរបរលក់ពោតស្ងោរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកកុយ ឃុំអូស្វាយ ស្រុកកងមាស ខេត្តកំពង់ចាម បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុកាលពី​វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ​។ ខណៈពេលដែលខ្លួនកំពង់តែរុញរទេះលក់ពោតស្ងោរ ស្រាប់តែមានស្រ្តីមេខ្យល់ម្នាក់​បានសួរថា ចង់បានប្ដីនៅប្រទេសចិនអត់ ព្រោះគាត់អាណិត​ក្មេងក្រីក្រ ​បើព្រមទៅការប្ដីនៅប្រទេសចិន គេឱ្យតម្លៃ៣០០០ដុល្លារ សហរដ្ឋអាមេរិកថ្លៃទឹកដោះ ។

ពេល​នោះ​ រូប​គេ (ក្មេងស្រីរងគ្រោះ) បាននិយាយថា ​មិនហ៊ានទេ ចាំសួរម្ដាយ និងឪពុកសិនទើបសំរេចបាន ហើយស្រ្តីមេខ្យល់​បានឱ្យគេនាំទៅជួបម្តាយបង្កើត​នៅបន្ទប់ជួល ។ លុះពេល​បានជួបម្ដាយរបស់​គេហើយ ស្រ្តីមេខ្យល់បានសួរនាំថាកូនស្រីមានសៀវភៅ គ្រួសារនិងសំបុត្រកំណើតអត់ហើយ ម្ដាយគាត់ក៏ឆ្លើយថា អត់មានទេ ខូចអស់ហើយ មិនទាន់បានទៅស្រុកកំណើតធ្វើ​ទេ។ បន្ទាប់មកស្រ្តីមេខ្យល់បាន​ឱ្យ លុយចំនួន ២០ដុល្លារ ដើម្បីទុកធ្វើសំបុត្រកំណើតកូនស្រី បើសិនជាព្រមទៅការប្ដីជាមួយបុរសជនជាតិចិន រួចហើយ​ស្រ្តីមេខ្យល់ក៏ត្រឡប់ទៅវិញ ។

នារីរងគ្រោះបន្តថា លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ៥​ល្ងាច​ ស្រាប់​តែស្រ្តីមេខ្យល់បានមកសួងម្ដងទៀត សួរនាំម្ដាយព្រមឱ្យ កូនស្រីការជាមួយបុរសជនជាតិចិនអត់ តែម្តាយរបស់នាង​ឆ្លើយថា គាត់គិតរួចហើយមិនឱ្យទៅទេ ព្រោះមិន​​ស្គាល់ថាបុរសជនជាតិចិននោះ មានមុខមាត់បែបណា ខ្លាចគេធ្វើបាប ។ ឮដូចនេះ បែរជាស្រ្តីមេខ្យល់​ខឹង និងបានទារលុយម្ដាយគាត់ចំនួន ២០ដុល្លារវិញ ភ្លាមៗនោះ​ស្រ្តីជាម្ចាស់ផ្ទះជួលបានឃាត់ស្រ្តីមេខ្យល់ ប្រគល់ឱ្យសមត្ថកិច្ច និងទៅដាក់ពាក្យបណ្តឹង សូមឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

ស្រ្តីជាមេខ្យល់មានឈ្មោះ យ៉ុង គឹមស៊ុយ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានឆ្លើយនៅមុខសមត្ថកិច្ចថាខ្លួនបានទំនាក់ទំនងទៅក្មេងស្រីលក់ពោតស្ងោរមែន ដោយសារថាមើលទៅអាណិត មានជីវភាព​ក្រីក្រ ក៏ទៅសួរនាំដោយមានបងប្អូននៅប្រទេសចិនផ្ដាំផ្ញើរថា មានបុរសជនជាតិចិនចង់បានស្រ្តីខ្មែរជាប្រពន្ធ ហើយក៏ជិះម៉ូតូឌុបទៅផ្សារច្បារអំពៅ ប្រទះឃើញក្មេងស្រីលក់ពោតស្ងោរ ដូចជាមាននិស្ស័យ ក៏ទៅសួរដល់ក្មេងស្រី និងទៅដល់ម្ដាយឪពុកទៀត ថែមទាំងឱ្យលុយចំនួន ២០ដុល្លារដោយលឺសូរថាអត់មានសៀវភៅ គ្រួសារ និងសំបុត្រកំណើត ដើម្បីឱ្យ​យកទៅខេត្តធ្វើសំបុត្រកំណើត ។

​កន្លងផុត ១ថ្ងៃ គាត់ក៏ជិះម៉ូតូឌុបទៅសួរនាំម្ដងទៀត ស្រាប់តែម្ចាស់ផ្ទះជួល និងម្ដាយក្មេងស្រីបានចាប់រូបគាត់ប្រគល់ឱ្យសមត្ថកិច្ចប្ដឹង ចោទជាមេខ្យល់នាំ ក្មេងស្រីយកទៅលក់ទៅវិញហើយខ្លួនគាត់មិនដឹងថាមានពាក្យអ្វីទៅពន្យល់សមត្ថកិច្ចទេ ។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ​បានប្រាប់ឱ្យដឹង ថា​មានស្រ្តីជាម្ដាយក្មេងស្រីរងគ្រោះឃាត់ស្រ្តីម្នាក់ប្រគល់ ឱ្យសមត្ថកិច្ច និងមកដាក់ពាក្យបណ្ដឹងប្ដឹងទៅលើស្រ្តីជាជនសង្ស័យមានគោលបំណង លួងលោមបោករូបគាត់ និងកូនស្រីយកទៅលក់នៅបរទេស ហើយក្រោយពីទទួលពាក្យបណ្ដឹងរួចក៏សួរនាំស្រ្តីជនសង្ស័យប្រកែកនិងបដិសេធមិនទទួលកំហុស ។ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានកសាងសំណុំរឿងពីបទករណីជួញដូរ ផ្លូវភេទឆ្លងដែនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕ សហការី KBN