ភ្នំពេញ ៖ ផ្ទះមួយខ្នង សង់អំពីឈើលើថ្មក្រោម ខណៈដែលម្តាយ ជាប់រវល់នៅផ្ទះផ្សេង ប្អូនស្រីក៏ទៅលក់ដូរបាត់ សល់តែបងប្រុសញៀនថ្នាំ ចាំផ្ទះម្នាក់ឯង ដូចឱ្យនៅដុតផ្ទះកម្ទេចចោល ឆេះម៉ដ្ឋ សូម្បីតែរថយន្តពន្លត់អគ្គីភ័យ ចេញទៅជួយមិនទាំងទាន់ផង បានត្រឹមបាញ់ទឹក ពន្លត់រងើកភ្លើងប៉ុណ្ណោះ។ ហេតុការណ៍នេះ បង្កឲ្យផ្អើល អស់ពលរដ្ឋ និងសមត្ថកិច្ច ទៅជួយអន្តរាគមន៍ជៀសវាងឆេះរាលដាល ដល់កន្លែងផ្សេង ហើយបានកើតឡើង កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៦ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជនសង្ស័យជាអ្នកបង្ក បានរត់គេចខ្លួនបាត់ ។

ផ្ទះដែលទទួលរង អគ្គីភ័យឆាបឆេះអស់រលីង គ្មានសល់ទ្រព្យ មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ថ្មក្រោម ហើយមានមនុស្សរស់នៅ តែ៣នាក់ប៉ុណ្ណោះ។

តាមស្រ្តីឈ្មោះ ឃ្លាំង សារ៉ា អាយុ៣២ឆ្នាំ មុខរបរលក់សាច់គោ នៅផ្សារសុិនជូរី មានប្តីឈ្មោះ មាស កក្កដា អាយុ២៨ឆ្នាំ មុខរបរលក់សាច់គោ រស់នៅផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា សព្វថ្ងៃផ្ទះខាងលើ រស់នៅគ្នា៣នាក់ ប្តីប្រពន្ធគាត់ និងបងថ្លៃប្រុសម្នាក់ទៀត ឈ្មោះ មាស សីហា អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ ចំណែកម្តាយម្នាក់ទៀត ឈ្មោះ ឆាយ សុផល អាយុ៥០ឆ្នាំ មិនបានរស់នៅជាមួយឡើយ រវល់តែទៅនៅចាំផ្ទះមួយទៀត កន្លែងផ្សេង។

ស្រ្តីដដែល បានបន្តឲ្យដឹងថា ខណៈដែលគាត់និងប្តី រវល់ចេញទៅលក់ដូរ នៅផ្សារបាត់ មានតែបងថ្លៃឈ្មោះ មាស សីហា ទុកឲ្យចាំផ្ទះ សង្ស័យថ្នាំញៀនធ្វើទុក្ខ ក៏ដុតផ្ទះ ទើបភ្លើងឆេះផ្ទះម៉ដ្ឋ សូម្បីតែឥវ៉ាន់ក្នុងផ្ទះ យកចេញមិនបានផង ។

តាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ឈ្មោះ មាស សីហា និងមិត្តភ័ក្រម្នាក់ទៀត អង្គុយផឹកក្រោមផ្ទះ ចំណែកប្អូនប្រុស ប្អូនថ្លៃស្រី ជាប្តីប្រពន្ធ ចេញទៅលក់ដូរនៅផ្សារបាត់ ស្រាប់តែនៅ វេលាម៉ោងខាងលើ ពេលដែល ឈ្មោះ មាស សីហា ដើរចាកចេញពីផ្ទះបាត់ភ្លាម ភ្លើងក៏ចាប់ផ្តើម ឆេះផ្ទះភ្លាមដែរ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ខ រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ចេញទៅជួយពន្លត់រងើកភ្លើង ជៀសវាងប៊ើង ឆេះដល់កន្លែងផ្សេង ។

តាមនគរបាល ផ្នែករថយន្តពន្លត់អគ្គីភ័យ បានឲ្យដឹងថា ហេតុការណ៍ខាងលើ អ្នកដែលផ្តល់ព័ត៌មានយឺតយ៉ាវ ធ្វើឲ្យរថយន្ត ទម្រាំរកផ្លូវទៅដល់ ទើបភ្លើងឆេះលឿនយ៉ាងនេះ តែទោះជា យ៉ាងណាក៏ដោយ ជៀសវាងកុំឲ្យរងើកភ្លើង ប៊ើងឆេះរាលដាលទៅកន្លែងផ្សេង ។

តាមអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើ គេបានដាក់ការសង្ស័យ ទៅលើឈ្មោះ មាស សីហា ត្រូវជាបងថ្លៃ ហើយជាមនុស្សញៀនថ្នាំ ដុតបំផ្លាញផ្ទះចោល ហើយរត់គេចខ្លួនបាត់ គួរឲ្យសោកស្តាយដែរ ជនរងគ្រោះ ពុំបានយកទ្រព្យអ្វីចេញរួច ខណៈដែលភ្លើងលេបត្របាក់ អស់ទាំងស្រុង បន្សល់ទុកតែធ្យូង ក្រោយពីរថយន្តពន្លត់អគ្គីភ័យ បាញ់ទឹកពន្លត់ហើយ ដោយប្រាស់ប្រាស់រថយន្ត មកពីស្នងការក្រុង ចំនួន៤គ្រឿង បាញ់ទឹកអស់៥សុីសែន ៕

សហការី KBN