ប្រទេសថៃ៖ កាលពីថ្ងៃទី២៨ កក្កដា ២០១៧ ប៉ូលិសខេត្តប៉ាផុមថានី បានរាយការណ៍មកថា មានគ្រោះថ្នាក់ចរាចរ ដោយរថយន្តជាច្រើន បានបើកបុកបន្តកន្ទុយគ្នាជាច្រើនគ្រឿង ហើយមានមនុស្សជាច្រើននាក់ បានជាប់នៅក្នុងរថយន្តទាំងនោះ ព្រមទាំងមានអ្នករបួសផងដែរ។

ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវលេខ៩ កំណាត់ផ្លូវ២១-៦០០ ខេត្តប៉ាផុមថានី ដោយមានរថយន្តចំនួន ៤គ្រឿងបានបុកគ្នា បង្កឡើងដោយរថយន្តទំនើប ម៉ាក BMW ជិះទៅបុកគូថរថយន្តតូយ៉ាតា បណ្តាលឲ្យស្ត្រីម្នាក់ ជាប់នៅក្នុងរថយន្តបង្ក ម៉ាក BMW នោះទាល់តែក្រុមជួយសង្គ្រោះ យកសម្ភារៈមកគាស់ជួយយកនាងចេញពីរថយន្ត ។

នារីដែលជាប់នៅក្នុងរថយន្តនោះ មានឈ្មោះ ណាត់និតឆា អាយុ៣៩ឆ្នាំ ត្រូវបានជួយសង្គ្រោះ ដោយក្រុមមូលនិធិជួយសង្គ្រោះ ហើយត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបន្តផងដែរ ។

បន្ទាប់ពីកើតហេតុ ប៉ូលិសបានហៅ បុរសអ្នកបើកបររថយន្ត BMW មកសួរនាំ ហើយត្រូវបានអ្នកបើកបររូបនោះឆ្លើយថា ពេលដែលគាត់កំពុងតែបើកឡានសុខៗ ស្រាប់តែកាក់មួយគ្រាប់ ជ្រុះទៅលើកំរាលព្រំឡាន ហើយគាត់ក៏បានឱនទៅរើសកាក់នោះ ហើយពេលដែលគាត់ងើបមុខឡើងមកវិញ ស្រាប់តែឡានរបស់គាត់ បុកនិងរថយន្តទួរីសបាត់ទៅហើយ ទោះគាត់ខំជាន់ហ្វ្រាំងយ៉ាងណា ក៏ជាន់មិនទាន់ដែរ ហើយបានធ្វើឲ្យប្រពន្ធរបស់គាត់ គាបជាប់នៅក្នុងរថយន្តផងដែរ ។

ក្រុមជួយសង្គ្រោះ បាននាំជនរងគ្រោះក្នុងគ្រោះថ្នាក់នេះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ត្រូវបានប៉ូលិសនាំខ្លួនទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង និងកោះហៅក្រុមហ៊ុនធានារ៉ាប់រង មកធ្វើការដោះស្រាយគ្នាបន្ត ៕

ប្រភព៖ សារព៏ត៌មាន Khaosod