ប្រទេសថៃ៖ កាលពីថ្ងៃទី 28 ខែកក្កដា ២០១៧ នេះ ប៉ូលីស ស្រុកសាមង៉ោ ខេត្តតាក បានទទួលសេចក្តី រាយការណ៍មកថា មានគ្រោះថ្នាក់រថយន្តកង់១០ បានបុកជាមួយ រថយន្ត១បាំងកន្លះ នៅលើផ្លូវ Phaholyothin គីឡូម៉ែត្រ576-300 ភូមិទី 5 ស្រុកសាមង៉ោ ខេត្តតាក ។​

នៅកន្លែងកើតហេតុ គេឃើញមានរថយន្តដឹកទំនិញ ម៉ាក Isuzu ពណ៌ខ្មៅ ឡើងទៅជាន់ពីលើ រថយន្ត១បាំងកន្លះ ម៉ាក Toyota​ ពណ៌ខ្មៅ ដែលក្រឡាប់ផ្ងារពោះឡើងលើ ហើយនៅក្នុងរថយន្ត គេបានប្រទះឃើញសព បុរសម្នាក់ អាយុ47ឆ្នាំ រស់នៅក្នុងខេត្តរាជបុរី ដែលជាអ្នកបើកបរផ្ទាល់។

ក្រោយពីកើតហេតុ ក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់យកឧបករណ៍ ទៅជួយកាត់ទ្វាររថយន្ត ដើម្បីជួយបុរសអ្នកបើកបរនោះ អស់រយៈពេល៤៥នាទី តែបុរសនោះ បានស្លាប់ទៅហើយ ក្រៅពីនេះមានមនុស្ស២នាក់ទៀត បានរងរបួស ​តែត្រូវបានក្រុមសង្គ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ប៉ូលិសបាននាំអ្នកបើកបរ រថយន្តដឹកទំនិញ ទៅសួរនាំ ហើយបានរាយការណ៍ថា អ្នកបើកបរឈ្មោះ Ekachai អាយុ៣៥ឆ្នាំ ជាតៃកុងរថយន្តដឹកទំនិញកង់១០ ហើយគាត់បានប្រាប់ថា ខ្លួនគាត់បានបើករថយន្តដឹកទំនិញ ពីទីក្រុងបាងកក ឆ្ពោះទៅខេត្តឈៀងម៉ៃ ហើយពេលមកដល់ នៅកន្លែងកើតហេតុ ស្រាប់តែឃើញរថយន្តម៉ាក Toyota នេះបម្រុងនិងបត់ តែបានឈប់ភ្លាមៗ នៅខាងចិញ្ចើមផ្លូវ ហើយគាត់កំពុងតែបើកបរនៅពីក្រោយ ក្នុងល្បឿនលឿនគួរសម ជាន់ហ្វ្រាំងមិនទាន់ ទើបរថយន្តរបស់គាត់ បានបុករថយន្ត Toyota នោះពេញទំហឹង ហើយបានឡើងលើរថយន្តនោះ​ រហូតធ្លាក់ទៅផ្លូវម្ខាងទៀត ទាំងអស់គ្នាតែម្តង ។

ជាដំបូង ប៉ូលីសបានសួរនាំអ្នកដែល បានឃើញហេតុការណ៍ ព្រមទាំងពិនិត្យមើល កាំម៉េរ៉ាសុវត្តិភាព នៅតាមបណ្ដោយផ្លូវ ដើម្បីរកភស្តុតាងបន្ថែម ដើម្បីស្វែងរកការពិត នៃគ្រោះថ្នាក់នេះ៕