ខេត្តកណ្ដាល៖ បុរសម្នាក់ បានស្លាប់យ៉ាងអណោចអធ័ម នៅនឹងកន្លែងកើតហេតុ ដោយសារ​រថយន្ត​​ ដឹកទំនិញ​​បើក​បុក​ម៉ូតូ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិ​លេខ5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ33-34 ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរ ស្រុក​ពញាឮ បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក​លេខ​ 3A-0309 មិនស្គាល់អត្តសញ្ញាណ របស់អ្នកបើកបរ ពីព្រោះគេរត់គេចខ្លួនបាត់។ រីឯ​ម៉ូតូរង​គ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-1480 បើកបរដោយឈ្មោះ នឿន សុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានលំនៅក្នុងភូមិធ្លក​វៀន ឃុំ​ធ្លកវៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើត មាននូវគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់នោះ គេឃើញរថយន្តបង្កខាងលើ បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លវជាតិលេខ៥ ក្នុងទិស​​ដៅ​ពីជើងទៅត្បូង បញ្ច្រាស​ទិស​គ្នា​ ជាមួយ​នឹង​ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម។ លុះពេលជនរងគ្រោះ​ ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់​តែ​រថយន្ត​ រេ​ចង្កូតទៅបុកម៉ូតូពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម មួយរំពេច។ ឃើញ​ហេតុ​ការណ៍​បែប​នេះ អ្នក​បើកបរ​បានរត់គេចខ្លួន​ បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ រួចហើយធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជន​រងគ្រោះទៅឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកយានយន្តជាប់ពាក់ព័ន្ធនឹងករណី​ខាង​លើនេះ ត្រូវសមត្ថ​កិច្ច​វាស់វែង និងយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់​​ការតាមច្បាប់៕