ប្រទេសថៃ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានករណីឃាតកម្មមួយ បានកើតឡើងក្នុងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅខេត្តត្រាំង បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលមានស្ត្រីម្នាក់ និងកូនប្រុសអាយុ៧ឆ្នាំ ចូលទៅក្នុងសាលារៀននោះ ដោយស្ត្រីរងគ្រោះ បានទុកឲ្យកូនប្រុសនៅលេងបាល់ទាត់ នៅក្នុងបរិវេណសាលា។

ក្រោយពីលេងបាល់ទាត់ហើយ កូនប្រុសបានដើររកម្តាយ គ្រប់ទិសទីក្នុងសាលាតែរកមិនឃើញ ក៏បានហៅគេឲ្យជួយរក ស្រាប់តែរកចុះរកឡើង ក៏ឃើញសាកសពស្ត្រីជាម្តាយ ស្លាប់នៅក្នុងបន្ទប់ទឹកសាលារៀន ដោយឃាតកបានយកដុំថ្ម វាយបំបែកក្បាល និងយកខ្សែរចង.ករហូតដល់ដាច់ខ្យល់ស្លាប់ ។


ស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ នាង លិទ្យា ចិនដាកែវ មានអាយុ៣៣ឆ្នាំ ។

យោងតាមព័ត៌មាន Update ចុងក្រោយរបស់ប៉ូលិស នៅថ្ងៃម្សិលមិញនេះ បានធ្វើការស៊ើបអង្កេត និងកោះហៅអតីតស្វាមីរបស់ស្ត្រីរងគ្រោះ ដែលបានចែកផ្លូវគ្នានោះ មកធ្វើការសួរនាំ តែបុរសជាអតីតប្តី បានសារភាពថា មិនពាក់ព័ន្ធក្នុងការសម្លាប់ អតីតភរិយានោះឡើយ ព្រោះថ្ងៃកើតហេតុ ខ្លួនមិននៅក្នុងខេត្តត្រាំងនោះឡើយ ។

ក្រោយមកប៉ូលិសបានបើកពិនិត្យ មើលកាម៉េរ៉ាសុវត្ថិភាព នៅក្នុងសាលារៀន ហើយបានឃើញមានរថយន្តរបស់នាយកសាលា បឋមសិក្សា បានបើកចេញពីសាលារៀន ១៥នាទីក្រោយពីស្ត្រីរងគ្រោះ ត្រូវបានសម្លាប់នៅក្នុងបន្ទប់ទឹក។ បន្ទាប់ពីប៉ូលិស ប្រមូលបានភស្តុតាងគ្រប់គ្រាន់ហើយ ក៏បានកោះហៅលោកនាយកសាលា បឋមសិក្សារូបនោះ ចូលខ្លួនមកសាកសួរ ។

ទោះជាប៉ូលិសបានធ្វើការចោទប្រកាន់ លោកនាយកសាលាបឋមសិក្សា រូបនោះថាប៉ុនប៉ងសម្លាប់ស្ត្រីរងគ្រោះ ដោយចេតនាក្តី តែត្រូវបានលោកនាយកសាលា បដិសេធការចោទប្រកាន់នេះទាំងស្រុង ។

ទោះជាយ៉ាងណាប៉ូលិសបាន បញ្ជាក់ថា រឿងឃាតកម្មមួយនេះ បានកើតឡើងដោយសាររឿងសហាយស្មន់ និងរឿងឈ្លោះប្រកែកគ្នា ដោយសារតែជនសង្ស័យ ជានាយកសាលានោះ មិនព្រមសារភាព ក្រុមប៉ូលិសស៊ើបអង្កេត ក៏បានយកសម្លៀកបំពាក់ របស់ស្ត្រីរងគ្រោះទៅពិនិត្យ DNA នៅមន្ទីរពេទ្យបន្ថែមទៀត ដើម្បីរកភស្តុតាងបន្ថែម ចំណែកជនសង្ស័យត្រូវបាន អនុញ្ញាតិឲ្យធានានៅក្រៅឃុំ ដោយដំកល់ទឹកប្រាក់ ចំនួន៥០ម៉ឺនបាត ៕