ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូម៉ាកអាយខុន ដែល​បើកបរដោយនារីម្នាក់ ពេលមកដល់ផ្លូវបំបែក ក៏មានម៉ូតូកូនទាពណ៌ស លាយប្រផេះ​ បើកបរដោយយុវជនម្នាក់ បណ្ដាលឲ្យបុកនារីម្នាក់ បាក់ភ្លៅខាងឆ្វេង ហើយបង្កការការកកស្ទះចរាចរណ៍ លើដងផ្លូវ កាលពីវេលាម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី២៨ ខែ កក្ដដា ឆ្នាំ ២០១៧ នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៤៣ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

បើតាមការរៀបរាប់ ពីយុវជនឈ្មោះ តាំង សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ជាអ្នកបើកម៉ូ​តូ ម៉ាកកូនទា បានប្រាប់ថា​ មុនកើតហេតុ គាត់ទើបនឹងចេញពីផ្សារទួលទំពូង មកពីទិញស្បែកហ្វ្រាំងម៉ូតូ គោលបំណង ទៅកន្លែងធ្វើការ លុះពេលជិះមកដល់ ផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកើត រួចបត់ឆ្វេង ចូលផ្លូវ១៤៣ ខណៈពេលកំពុងតែបត់ បានបន្តិច ស្រាប់តែ​មាននារីម្នាក់ បើកម៉ូតូម៉ាកអាយខុន ពណ៌ផ្កាឈូក បើកតាមផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីកើតទៅលិច ទៅបុកម៉ូតូបណ្ដាលឲ្យប៉ើង ទៅនិងចិញ្ចើមផ្លូវ ហើយស្រ្តីនោះដួលរបួស សង្ស័យបាក់ភ្លៅខាងឆ្វេង ដោយងើបមិនរួច។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ កន្លែងកើតហេតុតែម្ដង ​រូបគាត់មិនដឹងថា ត្រូវដោះស្រាយយ៉ាងម៉េច បើនារីនោះបើកមកបុករូបខ្ញុំ ហើយរបួសខ្លួនឯង​ ។

​នគរបាលផ្នែកវាស់វែងខណ្ឌ បានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូអាយខុន បើកបរដោយនារី វ័យជិត២០ឆ្នាំម្នាក់ និងម៉ូតូកូនទាបើកបរដោយ យុវជនម្នាក់ ហើយក្នុងហេតុការនេះ បង្កមាននារីម្នាក់ របួសធ្ងន់ដោយក្រោយកើតហេតុ មើលតាមស្លាកស្នាម និងសាកសួរជុំវិញកន្លែងកើតហេតុ គឺនារីជិះម៉ូតូអាយខុន ពណ៌ផ្កាឈូកលាយស បើកតាមផ្លូវម៉ៅសេទុង ហើយម៉ូតូកូនទាបើកបញ្រ្ជាស់ទិសគ្នា តែម៉ូតូកូនទាបត់ឆ្វេង ហើយក៏ម៉ូតូអាយខុនចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូកូនទា ខ្ទាតទៅចិញ្ចើមផ្លូវ ចំណែកនារីបើកម៉ូតូអាយខុន ក៏ដួលម៉ូតូសង្កត់ពីលើជើង បណ្ដាលរបួសភ្លៅខាងឆ្វេង សង្ស័យថាបាក់ហើយ ក៏ក្រុមគ្រួសារយករថយន្តផ្ទាល់ខ្លួន មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយមកសមត្ថកិច្ចយកធ្វើការវាស់វែង យកម៉ូតូទាំងសងខាងរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕