ខេត្តកណ្ដាល៖ ក្មេងប្រុសស្រី ៣នាក់បាននាំគ្នាចុះលេងទឹក បណ្ដាលឲ្យលង់ទឹកស្លាប់ ក៏បង្កឲ្យភ្ញាក់ផ្អើល​ពេញភូមិ នាំគ្នា​ចុះរាវសាកសព កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា នៅក្នុង​អាងទឹកត្រដក់ពង ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះ ទី១-ឈ្មោះ ឌឿន លាង​ហេង ភេទស្រី អាយុ​​​១២​​ឆ្នាំ ទី២-ឈ្មោះ ឌុល លាង​ហ៊ុន ភេទ​​ប្រុស អាយុ​១០ឆ្នាំ ទី៣-ឈ្មោះ រ៉េត រចនា ភេប្រុស អាយុ៩ឆ្នាំ។ ពួក​គេទាំង​៣​នាក់ រស់​នៅ​ភូមិ​វត្ត​ចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត​កណ្ដាល។

ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ បានឲ្យដឹងថា កាលពីវេលា​ម៉ោង​​១២​​ថ្ងៃ​ត្រង់ ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ជន​រង​​គ្រោះ​​ទាំង​​៣​នាក់​​បាន​បណ្ដើរ​​កង់មួយ​គ្រឿង​​ នាំ​គ្នា​ទៅលេង​ទឹក​នៅចំណុចអាងស្តុកទឹកត្រដក់ពង ខាង​ក្រោយ​ភូមិវត្តចាស់​ដែលមានចម្ងាយប្រហែល៥០០ម ពីផ្ទះជនរងគ្រោះ។

រហូតដល់ម៉ោង៣រសៀល ឪពុកជនរងគ្រោះ ឈ្មោះ រ៉េត រចនា បានមកពីឃ្វាលក្របី ក៏ត្រឡប់ទៅផ្ទះ បានឃើញស្បែកជើងផ្ទាត់ចំនួនបីគូ​និងកង់១គ្រឿង​ដែល​គាត់​ស្គាល់​ច្បាស់​ថា ទាំង​​កង់ និងស្បែក​​ជើង​​១គូ​នោះ គឺ​ពិត​ជា​របស់​កូន​គាត់ ដាក់​ចោល​នៅ​កន្លែង​កើត​ហេតុ។ ឃើញ​ដូច្នេះ ធ្វើឲ្យគាត់​សង័្សយ​ថា ប្រហែល​ជា​កូន​គាត់​លង់​ទឹក​​ ទើប​គាត់ចុះរាវរកកូនរបស់គាត់តែម្នាក់ឯង ប៉ុន្តែ​នៅ​ពេលនោះ​ គាត់​រាវ​រក​មិនឃើញ​។ បន្ទាប់មក គាត់បានស្រែកឆោឡោផ្អើលដល់អ្នកភូមិ រួមនឹងឪពុករបស់​ជនរងគ្រោះពីរនាក់ទៀត បាននាំគ្នាយកអួនមកអូស​រក​សាក​​សព ក៏​​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះទាំង៣នាក់ ហើយនាំយកសពកូនទៅផ្ទះរៀងៗខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរង​គ្រោះពិតជាបាន​ស្លាប់ដោយសារការលង់ទឹកប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រគល់សាក​សពរបស់ជនរងគ្រោះទៅឲ្យអាណាព្យាបាល រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី KBN