ភ្នំពេញ៖ នៅឆមាសទី១ នាឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គមបានកើតឡើងចំនួន ៣ ៥៧៧ករណី ថយចុះ​១១៥​ករណី ស្មើនឹង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ បណ្តាលឲ្យមនុស្សស្លាប់ ២ ១១៧នាក់ ថយចុះ​​៤៧នាក់ និងរបួស ៣ ៦៩៥នាក់ ថយចុះ៨៥៥នាក់។

នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុប​លទ្ធ​ផល​ការងារ សភាពការណ៍សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចប្រតិបត្តិការ និងលើកទិសដៅការ​ងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ច​ប្រជុំ​នេះ​បាន​ប្រ​ព្រឹ​ត្ត​​ទៅ ក្រោម​អធិបតី​ភាព លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីនាយកដ្ឋាន និងស្នងការនគរបាល ចំណុះឲ្យអគ្គស្នងការនគរបាលជាតិទាំងអស់។

របាយការណ៍ដដែល បានបន្ថែមថា ក្នុងចំណោមគ្រោះថ្នាក់សង្គមដែលកើតឡើង ទាំង៣ ៥៧៧​លើក ក្នុងនោះរួមមាន៖ គ្រោះថ្នាក់ចរាចរណ៍ ១ ៩០៧លើក ស្លាប់៩៣១នាក់ និងរបួស៣ ០០៦​នាក់។ គ្រោះថ្នាក់អាវុធជាតិផ្ទុះ (គ្រាប់​​មីន-គ្រាប់​បែក) ១៥លើក ស្លាប់​៦នាក់ និង​របួស​២១នាក់។ គ្រោះអគ្គិ​ភ័យ​ ៣០៩​លើក ស្លាប់​៩នាក់ និង​៦៩​នាក់​របួស បំផ្លាញ​​តូប​​លក់​ដូរ២៣៦ និងផ្ទះ៣៣០ខ្នង។ ខ្យល់ព្យុះចំនួន ១៤៩លើក ស្លាប់ម​នុស្ស​២​នាក់ និង​​៤០​​នាក់​របួស ប៉ើង​ដំបូល​ផ្ទះ២០០១ខ្នង និង​រលំផ្ទះ​​១៩២​​ខ្នង។ រន្ទះបាញ់​​ចំនួន​​៦៩លើក ស្លាប់​មនុស្ស​៤៥​នាក់ និង​៣៨នាក់របួស។ ទឹកជំនន់២លើក គ្មានអ្នកស្លាប់ និងអ្នក​របួស​ឡើង។ អំពើ​អត្តឃាត ៣២៧​លើក ស្លាប់​៣២០​នាក់ និង​៧​នាក់​របួស និងគ្រោះថ្នាក់សង្គមផ្សេងៗ ៧៩៩លើក ស្លាប់៨០៤លើក របួស៥១៤នាក់៕ សហការី KBN