ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តកាំផងផេក បានទទួលរបាយការណ៍មកថា មានករណីឃាតកម្មមួយ បានកើតឡើង ស្ថិតនៅក្នុងភូមិណង់ហ៊ួខ្វាយ ស្រុកថៃងាម ខេត្តកាំផែងផេក។ ក្រោយពីចុះទៅដល់កន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញសព ស្ត្រីវ័យចំណាស់ម្នាក់ អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

សាកសពដែលប៉ូលិសបានឃើញនោះ គឺអាក្រាតមួយកំណាត់ក្រោម សារ៉ុងត្រូវរបូតចេញពីសព នៅសល់តែអាវពណ៌ទឹកប៊ិចនៅជាប់និងខ្លួនសពតែប៉ុណ្ណោះ ហើយប៉ូលិសក៏បានធ្វើការសន្និដ្ឋានថា សាកសពត្រូវបានគេរំលោភរួច ទើបសម្លាប់ជាក្រោយ ។

បើតាមការសួរនាំ ស្ត្រីម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នោះ បានរៀបរាប់ប្រាប់ថា ពេលនាងដើរកាត់ កន្លែងកើតហេតុ ស្រាប់តែឃើញក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំ កំពុងតែចាប់រំលោភ ម្តាយមីងរបស់ខ្លួនឯង ហើយស្ត្រីរងគ្រោះនោះ បានព្យាយាមស្រែកថា “កុំធ្វើៗៗ” ។

ស្ត្រីដដែលបានរៀបរាប់បន្តទៀតថា ដោយសារតែមានការតក់ស្លុត និងភ័យខ្លាចពេក គាត់ក៏បានរត់ទៅហៅ ប្រជាពលរដ្ឋដែលនៅក្បែរភូមិឲ្យមកជួយ ។ តែអកុសល ពេលមកដល់កន្លែងកើតហេតុវិញ គេមិនបានឃើញក្មេងប្រុស ជាជនល្មើសនោះទេ គឺឃើញតែសាកសពស្ត្រីរងគ្រោះ ដេកស្លាប់ទាំងអាក្រាតល្វែងខាងក្រោម ។

ក្រោយពេលដែលប៉ូលិសមកដល់ កន្លែងកើតហេតុ ព្រមទាំងមានប្រជាជនជាច្រើននាំគ្នាមកមើល ស្រាប់តែគេឃើញក្មេងប្រុស ដែលជាឃាតកនោះ ដើរមកមើលសពម្តាយមីងខ្លួនឯងផងដែរ ដោយធ្វើជាមិនដឹងរឿងអី ។ ក្រោយពីឃើញជនល្មើសភ្លាម ប៉ូលិសនិងប្រជាពលរដ្ឋ ក៏នាំគ្នាព្រួតចាប់ក្មេងប្រុសនោះតែម្តង ។

បន្ទាប់ពីការសាកសួរជាបឋម ក្មេងប្រុសជាឃាតក បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ និងសម្លាប់ម្តាយមីងពិតប្រាកដមែន ដោយសារតែម្តាយមីងរូបនេះ ចូលចិត្តប្រាប់លោកយាយថា ខ្លួនលួចជក់បារី ហើយឆ្លៀតពេលស្ងាត់នៅកណ្តាលវាលស្រែ ខ្លួនក៏ធ្វើសកម្មភាពរំលោភ និងសម្លាប់តែម្តងទៅ ។

បើតាមការរៀបរាប់ របស់ប្តីសពស្ត្រីរងគ្រោះ បានប្រាប់ថា ក្មេងប្រុសជាជនល្មើសរូបនេះ គឺជាកូនកំព្រាឪពុកម្តាយ តាំងពីនៅតូចម៉្លេះ ហើយបានរូបគាត់ទាំង២នាក់ យកមកចិញ្ចឹមតាំងពីតូច ដូចកូនបង្កើត តែមិននឹកស្មានថា គេហ៊ានធ្វើអំពើដូច្នេះសោះ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅភូមិនោះ បាននាំគ្នាយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកក្មេងប្រុសជាជនល្មើស ត្រូវបានប៉ូលិសនាំខ្លួនទៅធ្វើសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព៖ One Peace News
ប្រែសម្រួលដោយ៖ Narin KBN