ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអំពីក្មេងប្រុសជនជាតិថៃ ២នាក់ ដែលជាបងប្អូនបង្កើតជាមួយគ្នា បាននាំគ្នាជិះកង់រយៈពេល ៥ម៉ោង ទៅលេងឪពុក ដែលកំពុងជាប់ឃុំក្នុងពន្ធនាគា ហើយសម្រាប់រឿងរាវមួយនេះដែរ ស្ទើរតែធ្វើឱ្យមនុស្សទូទាំងប្រទេសថៃ អាណិតទប់ទឹកភ្នែកមិនជាប់ ។

ក្មេងប្រុសទាំង ២នាក់ខាងលើនេះ មានអាយុប្រហែល ១០ឆ្នាំ និងជាង ១០ឆ្នាំ រស់នៅក្នុងខេត្ត ស៊ី សាកេត ។ ដោយសារតែស្រឡាញ់ និងនឹកអាណិតឪពុកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារស្រុក ខាន់ថារ៉ាឡាក់ ទើបពួកគេសម្រេចចិត្តធ្វើដំណើរដោយធាក់កង់ ក្នុងរយៈចម្ងាយដ៏ឆ្ងាយ ដោយប្រើពេលជិត ៥ម៉ោងឯណោះ ។

បើយោងតាមប្រភពពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានឱ្យដឹងថា ក្មេងទាំង ២នាក់បងប្អូនខាងលើនេះ បានជិះកង់ក្នុងរយៈចម្ងាយ ៥០គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ ដើម្បីមកមើលឪពុកជាប់ឃុំ ហើយជាមួយគ្នានេះ ក្មេងប្រុសទាំង ២នាក់ក៏បានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នគេរស់នៅជាមួយលោកយាយ ចំណែកម្ដាយ ទៅធ្វើការនៅទីក្រុងបាងកក ។ ក្មេងប្រុសទាំង ២នាក់ និយាយបណ្ដើរ សើចបណ្ដើរ ដែលស្ទើរតែធ្វើឱ្យអ្នកក្នុងហេតុការណ៍ ផ្ទាល់អាណិតស្រក់ទឹកភ្នែក ៕
សហការី KBN
ប្រភព៖ ស្តម