ខេត្តនុនថាក់បុរី ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានបានចុះ ទៅដល់ផ្ទះបុរសម្នាក់ ដែលមានវ័យ ២៥ឆ្នាំ រស់នៅក្នុងអគារមួយ កំពស់៣ជាន់ ដែលជា ម្ចាស់សត្វជ្រូកយក្ស១ក្បាល ដែលមានអាយុ៨ខែ ទំងន់រហូតដល់ទៅ១០០គីឡូក្រាម ដេកនៅក្បែរនោះផងដែរ ។

បុរសវ័យក្មេងម្នាក់នោះ បានរៀបរាប់ប្រាប់ដំណើររឿង ឲ្យអ្នកសារព័ត៌មាន បានដឹងថា ដំបូងឡើយ គាត់បានទៅដើរលេង នៅកន្លែងតាំងពិពណ៌ទំនិញមួយ នៅក្នុងខេត្តប៉ាផុមថានី ស្រាប់តែប្រទះឃើញស្តង់មួយ បានដាក់លក់សត្វជ្រូកក្រិន ហើយគាត់ឃើញជ្រូកនេះ គួរឲ្យស្រលាញ់ ក៏បានទិញយកមកចិញ្ចឹម ក្នុងតំលៃ៣ពាន់បាត ។

បុរសនោះបានបន្តថា បន្ទាប់ពីទិញរួច គាត់បានដាក់ឈ្មោះ ឲ្យជ្រូកក្រិននោះថា “ជូរនៀ” ហើយគាត់បានចិញ្ចឹមវា រហូតកាន់តែធំឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ ។ ចំណែកការដាក់ចំណីបាយទឹកវិញ ជ្រូករបស់គាត់១នេះ គឺងាយស្រួលណាស់ ដោយសារវាស៊ីបាយ ដូចជាមនុស្សយើងដែរ សូម្បីតែបាយឆា ប្រហិត គ្រាន់តែវាមិនចូលចិត្ត ម្ហូបណាដែលហិរនោះទេ ។

គាត់បន្តថា គាត់បានមុជទឹក ឲ្យជ្រូកនេះ ១ថ្ងៃ២ដងព្រឹកល្ងាច ចំណែកឯទឹកវិញ វាផឹកមួយឬពីរលីត្រ ជារៀងរាល់ថ្ងៃជាប្រចាំ ហើយនៅពេលដែល ដល់ម៉ោងបិទហាងលក់ឥវ៉ាន់ គឺវាដឹងខ្លួនឯង ហើយរត់ឡើងទៅជាន់លើ តាមជណ្តើរផ្ទះ ដោយខ្លួនវាផ្ទាល់ មិនបាច់ចាំប្រាប់ ឬដេញវាឡើយ ។

គាត់បញ្ជាក់ថា មានមនុស្សចូលមកទាក់ទង សុំទិញជ្រូកនេះពីគាត់ ជាច្រើននាក់មកហើយ តែគាត់មិនព្រមលក់ ព្រោះគាត់គិតថា នឹងចិញ្ចឹមវារហូតដល់វាងាប់ ព្រោះលោកនឹងជ្រូកនេះ ហាក់ដូចជាមាននិស្ស័យ និងភាពស្និតស្នាល រវាងគ្នាខ្លាំងណាស់ ៕

សហការី KBN