ភ្នំពេញ​ ៖ មានករណីហិង្សាមួយ បានកើតឡើងដោយ ស្រ្តីជាកម្មការិនីកាត់ដេរម្នាក់ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ សុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍បន្ទាប់ពីប្តី ដែលទើបនឹងរៀបការ បាន២ខែកើតរោគប្រចណ្ឌ ជាមួយប្តីរបស់ម្តាយមីង បានទៅវាយធ្វើបាបប្រពន្ធ ប្រមូលយក ខ្សែកប្លាទីនមួយខ្សែ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ កាតធ្វើការ យកទៅបាត់ ​កាលពីវេលាម៉ោង ​៦និង៣៥នាទី យប់ថ្ងៃទី២១ ខែកក្កដា នៅ​ចំណុចផ្ទះជួល ភូមិ​​ជ្រៃកោង សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ​ ។​

ជនរងគ្រោះ មាន​ឈ្មោះ ​ប៉ោះ គីមឡាង​ ភេទស្រី ​អាយុ​២៣​ឆ្នាំ ​មុខរបរកម្មករកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោម​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុក
ប្រម៉ោយ ខេត្តពោធិសាត់ ចំណែកប្តី​ជាជនបង្ក មានឈ្មោះ លី ហួរ ភេទប្រុស​ អាយុ​២១ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល រៀបការបាន២ខែអត់មានកូន។

តាមប្រភពព័ត៌​មាន ពីស្រ្តីរងគ្រោះ ជាប្រពន្ធបាន​និយាយ ​ទាំងទឹកភ្នែករលីរលោង ​ដោយរៀបរាប់ប្រាប់ថា រូបនាងបានរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី​ រយៈពេល២ខែមកហើយ តែប្តីរបស់នាង ពុំដែលផ្តល់សេចក្តីសុខ អោយគាត់ម្តងណាឡើយ និងធ្លាប់ប្រើអំពើហិង្សា ជាច្រើនដងមកហើយ ដោយសារតែកើតរឿងប្រចណ្ឌ។ ជារៀងរាល់ថ្ងៃ ប្តីស្នាក់នៅកន្លែងធ្វើ​ការ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែករូបគាត់ នៅធ្វើការរោងចក្រនៅជ្រៃកោង ស្នាក់នៅជាមួយម្តាយមីង នៅកន្លែងកើតហេតុ ។

​មុនពេលកើតហេតុ ពេលរូបគាត់ ចេញពីធ្វើការមក​ដល់ បន្ទប់ជួល កំពុងតែចាក់សោបន្ទប់ ស្រាប់តែបុរសជាប្តី មិនដឹងជាជិះម៉ូតូឌុប មកឈប់រង់ចាំលួចមើលគាត់ តាំងពីពេលណាទេ បានទាញដៃគាត់ ចូលក្នុងបន្ទប់ជួល វាយធ្វើបាប តែមិនមានរងរបួសធ្ងន់ធ្ងរទេ គ្រាន់តែទះតប់ រួចហើយដោះយក ខ្សែកប្លាទីនមួយខ្សែ ទម្ងន់១.៥ជី និងប្រមូលយកកាតធ្វើការ បណ្ណ័ប.ឞ.ស អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ហើយគេចខ្លួនបាត់ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលបុរសជាប្តី តែងតែវាយធ្វើបាប ប្រពន្ធដោយសារតែប្រចណ្ឌប្រពន្ធ ជាមួយប្តីរបស់ម្តាយមីង ទើបចេះតែរករឿងប្រពន្ធ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានម្តាយមីង និងក្មួយប្រុសជូន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យជួយឃាត់ខ្លួនជនបង្ក នាំយកមកដោះស្រាយ សងសំណង និងសុំលែងលះ ដោយទាមទារជម្ងឺចិត្ត ចំនួន៣៥០០ដុល្លារ ៕

សហការី KBN