ភ្នំពេញ ៖ រថយន្តកូរ៉េដឹកអេតចាយ មួយគ្រឿង បានបើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលបើកច្រាសទិសដៅចរាចរ ហើយរុញអូស ជិត ១០០ម៉ែត្រ ឆ្លងផ្លូវទៅម្ខាងទៀត ទៅបុកចូលទៅសាលារៀនឯកជន ពិភពបញ្ញាអន្តរជាតិ បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងម៉ូតូ៣គ្រឿងផ្សេងទៀត ដែលចតផ្ញើរមុខសាលាទទួលរងការខូចខាត។ ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលារៀនឯកជន ពិភពបញ្ញាអត្តរជាតិ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណឡើយ អាយុជាង ៤០ឆ្នាំ គ្រាន់តែ អ្នកភូមិប្រាប់ឱ្យដឹងថា ជាអ្នកលក់សាច់ជ្រូក ស្នាក់នៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-3280 ។

ចំណែករថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ចំណុះ ១តោន ពណខៀវ ពាក់ស្លាកលេខ កណ្តាល 2A-3757 ដឹកអេតចាយពេញរថយន្ត ជិះគ្នា ២នាក់ប្តីប្រពន្ធ បើកបរដោយឈ្មោះ សន ចន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ដោយឡែកម៉ូតូចំនួន ៣គ្រឿងផ្សេងទៀត ម៉ាកស្កុបពី១គ្ រឿង ម៉ាកហុងដា សេ១១០ សេរី២០១២ មួយគ្រឿង និងមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ មួយគ្រឿង ដែលចតផ្ញើរទុកមុខសាលា រងការខូចខាត តែមិនធ្ងន់ធ្ងរនោះទេ ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កដឹកអេតចាយ ពីរនាក់ប្តីប្រពន្ធ បើកបោះពួយល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោក ឬស្រវឹងនោះទេ ក៏រេចង្កូតទៅបុកម៉ូតូរងគ្រោះ ដែលបើកបរច្រាសទិសគ្នា ហើយរុញអូសឆ្លងផ្លូវជិត ១០០ម៉ែត្រ បន្តទៅបុកចូល ផ្ទប់នឹងខឿន សាលារៀន ពិភពបញ្ញាអន្តរជាតិ ទើបរថយន្តទៅមុខលែងរួច បណ្ដាលឱ្យស្លាប់ មនុស្សម្នាក់នៅកន្លែង ម៉ូតូជនរងគ្រោះខ្ទេចស្ទើទាំងស្រុង ។ រីឯម៉ូតូ ៣គ្រឿង ចតទុកមុខសាលារៀន រងការខូចខាត បាក់បែកក្បាំង ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរ ត្រូវបាន ឃាត់ខ្លួនដាក់ចូលក្នុងសាលារៀនខាងលើ ហើយម្ចាស់ សាលារៀនរារាំង អ្នកសាពត៌មាន មិនឱ្យចូលទៅសាកសួរ ជុំវិញគ្រោះថ្នាក់ខាងលើឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបាននគរបាលចុះទៅអន្តរាគមន៍ សាកសពសមត្ថកិច្ចកំពុងស្រាវជ្រាវ រកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះមួយគ្រឿង និងរថយន្តបង្ក រួមទាំងអ្នកបើកបររថយន្តផងដែរ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សហការី KBN