ខេត្តព្រះសីហនុ៖ មានករណីរំខាន អុកឡុក មួយបានកើតឡើងនៅក្នុងហាងខារ៉ាអូខេ មួយកន្លែងក្នុងក្រុមទី០២ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២រំលងអាធ្រាត្រថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧ ដោយករណីនេះបង្កឡើងដោយបុរសម្នាក់ មានរហស្សនាមថា ស លីហ៊ួរ ៦៦៦៦ ហៅ ខ្លាក្រហឹម ។

តាមការលើកឡើងរបស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ តាមរយៈទំព័រហ្វេសប៊ុករបស់លោកបានឱ្យដឹងថា បុរសជាជនបង្កបានក្អេងក្អាង អះអាងថា ខ្លួនមានខ្នងបង្អែកជាអ្នកធំ ទោះបីជាមានការនិយាយសម្របសម្រួលគ្នាយ៉ាងណា ក៏ខ្លាក្រហឹម រូបនោះ មិនព្រមស្ងាត់ស្ងៀមដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ កាន់តែព្រហើនខ្លាំងឡើងៗ ថែមទៀតផង ។

បើយោងតាមប្រភពពីម្ចាស់ទីតាំងខាងលើ ឈ្មោះ ធីតា មានទីតាំងម្តុំក្រោយពេទ្យ ស្ថិតក្នុងក្រុមទី០២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអះអាងថា នៅមុនកើតហេតុ បុរស់រូបនេះ បានចូលទៅផឹកស្រាបៀរ ជាមួយមិត្តភក្ដិ ៣នាក់ផ្សេងទៀត រហូតអស់ជិតចំនួន ០២ថូធំ បុរស់រូប នោះ មានអាការៈស្រវឹង ស្រែកឡូឡា ដើររករឿងគេឯង បើទោះបីជាមិត្តភក្ដិខិតខំអង្វរយ៉ាងណា ក៏ដោយ ក៏បុរសនោះមិនស្ដាប់ដែរ ដោយការនិយាយមិនស្តាប់គ្នាដូចនេះ ទើបមិត្តភក្ដិចំនួន ០៣នាក់ផ្សេងទៀត(ស្រីម្នាក់ប្រុស០២នាក់)បានជិះម៉ូតូ ចេញទៅមុនបាត់អស់ ។

ប្រភពដ៏ដែលបានបន្តថា ក្រោយពីមិត្តភក្ដិចេញទៅបាត់ ជនបង្ករនៅតែបន្តស្រែក ដើរករឿងក្នុងហាងដដែល ទើបរូបគាត់ប្តឹងសមត្ថកិច្ច រហូតសមត្ថកិច្ចមកដល់ ក៏ជនបង្ករនៅតែសម្តែងអាការៈអួតអាង ដ៏ដែលមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានប្រតាយប្រតប់ជាមួយសមត្ថកិច្ចទៀតផង បើទោះបីជាស្នងការរង អតន្តោរប្រវេសន៍មក ឃាត់សម្របសម្រួលក៏ជន នោះតែមិនស្តាប់ដែរ ។
ក្រោយពីរឿងនេះ បានដឹងដល់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ លោកក៏បាន បញ្ជាផ្ទាល់ទៅ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី ចាប់ជនបង្កនោះវ៉ៃខ្នោះលើកឡើងឡាន ដើម្បីបញ្ជូនទៅកាន់អធិការក្រុងព្រះសីហនុ ទោះបីជាជនបង្ក នៅតែស្រែកថា មានខ្នងជាអ្នកធំយ៉ាងណាក៏ដោយ ៕
សហការី KBN