ភ្នំពេញ ៖ លោកនាយករងបឋមសិក្សាវាលស្បូវម្នាក់ត្រូវសិស្ស​ស្រីម្នាក់ចោទប្រកាន់ថា​បន្លំប្រើដៃច្របាច់សុដន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៥​ល្ងាចថ្ងៃទី២០ ខែ
កក្កដា ឆ្នាំ ២០១៧ នៅចំណុចសាលាបឋមសិក្សាវាលស្បូវ ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះភេទស្រីមានអាយុ១៤ឆ្នំា ​មុខរបរសិស្សថ្នាក់ទី៥ ស្នាក់នៅអង្គការសមាគមន៍ទឹកដីសន្យា ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យមានឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ​ជានាយករងសាលាបឋមសិក្សាវាលស្បូវ ស្នាក់នៅផ្ទះលេខ២០៦A ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបាន​ឱ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែ កក្ដដា ឆ្នាំ២០១៧ នៅចំណុចទីចាត់ការសាលាបឋមសិក្សាវាល ស្បូវ គាត់ជានាយករងផ្នែកតុបតែងនិងរៀបចំ ហើយនៅ​ថ្ងៃទី២៤ ខែ កក្ដដា ឆ្នាំ២០១៧ ខាងមន្ទីរអធិការកិច្ចចុះមកត្រួតពិនិត្យសាលា ទើបគាត់បានរៀបចំសាលា ឱ្យមានសោភ័ណ្ឌភាពស្អាត ។

ខណៈពេលដែលគាត់កំពុងតែរៀបចំនៅក្នុងទីចាត់ការ ស្រាប់តែ​មានសិស្សស្រី​រៀនថ្នាក់ទី ៥មួយក្រុម មានគ្នា ៣ទៅ៤នាក់ បានចូលទៅលេងទីចាត់ការសាលា ក៏មានក្មេង ស្រីម្នាក់ក្នុងចំណោមនោះ បានលេងចាក់ចង្កេះគាត់ ហើយរត់ទៅអស់នៅសល់​តែក្មេងស្រី​រងគ្រោះ បានរត់ទៅរកចាក់ចង្កេះគាត់ដែរ ត្រូវ​គាត់ឃើញទាន់ក៏យកដៃ​ចាប់​ដៃក្មេងស្រីរង​គ្រោះ ​តែចៃដន្យក្មេងស្រីនោះបានឱនចុះ ក៏​ជ្រុលទៅប៉ះចំសុដនក្មេងស្រីនោះ ហើយគាត់ដឹងកំហុស ក៏សុំទោសទៅក្មេងស្រីថា លោកគ្រូសុំអភ័យទោស ដោយគ្មានចេតនាទេ ។

ប្រភពដដែលបន្តទៀតថា ​បន្ទាប់ពីកើតហេតុភ្លាមៗ ពេលតែគាត់សុំទោសហើយក្មេ ងស្រីរងគ្រោះមិនថាអីទេ ក៏រត់ចេញពីទីចាត់ការទៅបន្ទប់រៀនវិញ ។ លុះដល់ល្ងាចថ្ងៃទី២០ ខែ
កក្កដា ​ឆ្នាំ ២០១៧ ក៏មានសមត្ថកិច្ចទូរស័ព្ទឱ្យគាត់ទៅប៉ុស្តិ៍នគរបាល រដ្ឋបាលវាលស្បូវ ​ពាក់ព័ន្ធករណីយកដៃទៅច្របាច់សុដន់កូនសិស្សស្រី ហើយគាត់នឹកក្នុងចិត្តថា ច្បាស់ជារឿងថ្ងៃមុនហើយ ។

ក្រោយមកគាត់បានជិះម៉ូតូទៅប៉ុស្តិ៍ ដើម្បីឆ្លើយបំភ្លឺ ព្រោះគាត់ជានាយករងសាលាបឋមសិក្សាវាលស្បូវ តាំងពីឆ្នាំ១៩៨៥រហូតមកដល់បច្ចុប្បន្ន មានកូនសិស្សដែលគាត់គ្រប់គ្រងក្នុងសាលា​ចំនួន២៥១នាក់ ក្នុងនោះស្រី១២៧នាក់ ​គាត់មិនដែលមានកំហុសឡើយ ។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ ជាអនីតិជនបានប្រាប់សមត្ថកិច្ចថា ​នៅថ្ងៃកើតហេតុ ​ម៉ោង​ចេញលេង រូបគេបានចេញពីបន្ទប់រៀន ទៅលេងនៅទីចាត់ការសាលាជាមួយមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយរូបគេ និងមិត្តភក្តិ បន្ទាប់មកមិត្តភក្តិកុមារីរងគ្រោះ បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់សុដនរូបគេតែម្តង ។
បន្ទាប់មកកុមារីរងគ្រោះ ក៏បានទៅប្រាប់អង្គការសមាគមន៍ទឹកដីសន្យាបានមួយថ្ងៃ អង្គការក៏បាន​នាំទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
លោកអធិការរងខណ្ឌច្បារអំពៅបានឱ្យដឹងថា បន្ទាប់ពី​សួរនាំជនរងគ្រោះរួចរាល់ និងទទួលពាក្យបណ្ដឹងរួចហើយ បានឃាត់ខ្លួនជនសង្ស័យជានាយករងសាលាបឋមសិក្សាវាលស្បូវ ​ពីបទប្រព្រឹត្តិអំពើអាសអាភាសប្រឆាំងនិងអនីតិជនអាយុក្រោមអាយុ ១៥ឆ្នាំ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមផ្លូវច្បាប់ ៕ សហការី KBN