ខេត្តណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់​ព័ន្ធ​នឹងករណី​លួចទូរស័ព្ទដៃចំនួន២គ្រឿង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុងភូមិស៊ី​ធរ​លិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៃ សានម៉ៅ ភេទប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។ រីឯជនរងគ្រោះ ឈ្មោះ នាង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកចម្រៀង មានលំនៅក្នុងភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែកវត្ថុតាង ដែលសមត្ថ​កិច្ចដកហូតបាន រួមមានទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាកiPhone7+១គ្រឿង និងម៉ាកSamsung Galaxy Note4១គ្រឿង) ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបាននាំប្រពន្ធនិងកូនមកស្នាក់នៅផ្ទះឪពុករបស់ខ្លួនឈ្មោះ នាង នង នៅភូមិ-ឃុំកើតហេតុ ដើម្បីយកប្រពន្ធមកព្យាបាលជំងឺ។ នៅពេលនោះ ជនរងគ្រោះបាន​យកទូរស័ព្ទរបស់ខ្លួនចំនួន២គ្រឿង ដាក់ក្នុងថង់ខ្មៅ ដើម្បីសាកថ្ មនៅក្នុងផ្ទះពីចំហៀងខាងកើត រួចហើយនាំប្រពន្ធកូនដេកយ៉ាងលង់លក់បាត់ទៅ។ លុះពេេលភ្ញាក់ពីដេក​ នាថ្ងៃទី១៨ ខែឆ្នាំដដែល ជនរងគ្រោះរកទូរស័ព្ទមិនឃើញ ក៏ដើរតាមរក ស្រាប់តែឃើញស្រោមទូរស័ព្ទដៃរបស់ខ្លួនទាំង២គ្រឿង នៅក្នុងផ្ទះជីតារបស់ជនសង្ស័យ(ផ្ទះគ្មានមនុស្សនៅ)។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីបាត់ទូរស័ព្ទហើយ ទើ់បនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស៊ីធរ ដើម្បីឲ្យសមត្ថកិច្ចជួយ​អន្ដរា​គម​ន៍​ចាប់ខ្លួនជនសង្ស័យ នាំមកចាត់ការតាមច្បាប់។ លុះមកដល់ព្រឹកថ្ងៃទី២០ ខែកក្កដានេះ សមត្ថកិច្ចក៏បានស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបាន។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ដើម្បី​សាកសួរ រួចហើយបញ្ជូទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្ត៕ សហការី KBN