ខេត្តកណ្ដាល៖ រថយន្ដដឹកទំនិញរបស់ក្រុមហ៊ុនហាក់ម៉ៅមួយគ្រឿង បានបើកបោះពួយយ៉ាង​លឿន ស្រាប់​តែ​ផ្ទះក​ង់ ធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកបរភ័យព្រលឹង​ចុង​សក់​កាលពីវេលាម៉ោង៦ និង១០​នាទី​ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្ដ​​កណ្ដាល ។

មន្រ្ដីនគរបាលចរាចរស្រុកពញាឮ បានឲ្យដឹងថា រថយន្ដដែលផ្ទុះកង់ក្រឡាប់ផ្ងារជើងនោះ ជាប្រភេទ​ថយន្ដធុនធំ សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3B-2309 ហើយរថយន្តនេះជារបស់ក្រុមហ៊ុន ហាក់ ម៉ៅ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកលឿនដូច​ហោះ​ តាមបណ្ដោយផ្លូវជាតិលេខ៥ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ ធ្វើឲ្យ​រថ​យន្តរេចង្កូតខុសផ្លូវ ក្រឡាប់ជាច្រើនត្រឡប់។ ប៉ុន្តែសំណាងល្អ នៅក្នុងហេតុការណ៍នោះ មិនបានបង្ក​ឲ្យ​មានមនុស្សណាម្នាក់រងគ្រោះនោះឡើយ ដោយគ្រាន់តែធ្វើឲ្យខូចខាតរថយន្តយ៉ាងដំណំតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិិច្ចបានចុះទៅពិនិត្្យ ប៉ុន្តែដោយសារករណីនេះមិនបានបង្កឲ្យមានគ្រោះ​ថ្នាក់ដល់មនុស្ស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ និងរដ្ឋ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យ​ម្ចាស់​​ទាក់ទងរករថយន្តមកស្ទួច យកទៅជួសជុលប្រើប្រាស់វិញ៕ សហការី KBN