ប្រទេសថៃ៖ បុរសខ្ទើយម្នាក់បានលួចអារកសម្លាប់មិត្្តភក្ដិ ក៏ត្រូវសមត្ថកិច្ចចាប់ញាត់គុក ហើយទើប​នឹងត្រូវតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញរយៈពេល២ឆ្នាំ បែរជាគេបាញ់សម្លាប់ក្មួយរបស់ខ្លួន ក៏ត្រូវសមត្ថកិច្ចថៃចាប់ញាត់គុុកសាជាថ្មី កាលពីពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លង​ទៅថ្មីៗនេះ។

ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា ឃាតកដៃឆៅដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះនាយ ថៈនិត ឬយ័ន អាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ៣៤៥ ភូមិ១៣ ខេត្តជ័យភូមិ ប្រទេសថៃ ហើយជននេះទើបនឹង​ចេញពីពន្ធនាគារ(គុក) មានសេរីភាពរយៈពេល២ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធនឹងករណីចាក់កសម្លាប់​មិត្តភក្ដិ។ រីឯជនរងគ្រោះ ឈ្មោះនាយអាត់ដេធ ម៉័នកានឬតុន អាយុ១៨ឆ្នាំ រស់នៅផ្ទះលេខ៥៦៥ ភូមិ១៣ ខេត្តជ័យភូមិ របួសធ្ងន់ធ្ងរផ្នែកក្បាល និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពព័ត៌មានដដែល បានបន្តថា ​បន្ទាប់ពីកើតមាននូវអំពើឃាតកម្មបាញ់សម្លាប់ក្មួយបង្កើត​របស់​ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នោះមក សមត្ថកិច្ចក៏បានតាមស្រាវជ្រាវ រហូតឃាត់ខ្លួន​ជនដៃដល់បាន នៅថ្ងៃបន្ទាប់។

នៅក្នុងអំឡុងពេលសមត្ថកិច្ចសាកសួរនោះ ជនដៃដល់បានសារភាពថា មុនពេលកើតហេតុ ខ្លួន និងក្មួយបានផឹកស្រាជាមួយគ្នារហូតស្រវឹងរៀងៗខ្លួន។ នៅពេលនោះ ក្មួយរបស់គេបានទាញទូរស័ព្ទខ្លួនយកទៅលេងដោយមិនបានប្រាប់ ព្រមទាំងបានចុចលុបprogram មួយចំនួនទៀតផង។ ដោយសារតែ​បញ្ហា​នេះ ទើបធ្វើឲ្យពួកគេទាំង២នាក់មានការឈ្លោះប្រកែកគ្នា ធ្វើឲ្យរូបគេផ្ទុះកំហឹង​យ៉ាងខ្លាំង រហូត​អត់ទ្រាំលែងបាន ក៏ស្ទុះទៅទាញកាំភ្លើង​នៅលើផ្ទះ មកគំរាម។ ប៉ុន្តែនៅពេលនោះ ជនរងគ្រោះ​បានស្ទុះទៅយកដំបង វាយមកលើគេ ទ់ើបគេបាញ់មួយគ្រាប់ បណ្ដាលឲ្យរងរបួសក្បាល រួចហើយរត់គេចខ្លួនបាត់។

ជនដៃដល់បានបន្តថា ក្មួយរបស់គេ មិនដែលគោរពរូបគេជាពូទេ។ កន្លងមក ក្មួយតែងតែនិយាយមើល​ងាយខ្លួនរហូត ទើបពេលខឹងខ្លាំង ធ្វើឲ្យរូបគេនឹកឃើញរឿងចាស់ ក៏បាញ់មួយគ្រាប់ទុកជាការព្រមាន ហើយគេក៏មិននឹកស្មានថា ត្រូវក្មួយស្លាប់បែបនេះឡើយ។

សមត្ថកិច្ចថៃបានអះអាងដែរថា ជនសង្ស័យធ្លាប់ជាប់គុក ដោយសារតែគេអាករសម្លាប់មិត្តជិតស្និទ្ធម្នាក់ ហើយទើបនឹងត្រូវដោះលែងឲ្យមានសេរីភាព កាលពី២ឆ្នាំមុននេះ៕ សហការី KBN