ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានប្រើល្បិច ល្បួងក្មេងស្រីជាអនីតិជន យកទៅរំលោភបានសម្រេចម្ដង ក៏ចង់សាកជាលើកទី២ ត្រូវនាងប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

មន្ត្រីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង័្សយដែល សមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះសាយ សៀន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ​ក្នុង ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃ​នប់។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ គ រ ល អាយុ ១៤ ឆ្នាំ មានលំនៅក្នុងស្រុកព្រៃនប់ មុខរបរជាកម្មការិនី នៅរោងចក្រជាមួយគ្នា។

បើតាមសម្ដីរបស់ជនសង័្សយ បានរៀបរាប់ប្រាប់សមត្ថកិច្ច តាមដំណើររឿងថា រូបគេ និងនារីរងគ្រោះ បានធ្វើជាកម្មករជាមួយគ្នា នៅក្នុងរោងចក្រ នៅក្នុងតំបន់ពិសេស ស្ថិតក្នុងឃុំបិតត្រាំង។ មុនដំបូងពួកគេគ្រាន់តែស្គាល់ និងរាប់អានគ្នា ក្នុងនាមជាមិត្តភក្តិរួមការងារ តែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក រូប​គេក៏មានចិត្តប្រតិព័ទ្ធទៅលើនារីរងគ្រោះយ៉ាងខ្លាំង ធ្វើឲ្យតណ្ហារបស់គេកាន់តែពុះកញ្ជ្រោលខ្លាំងឡើង រហូតទ្រាំលែងបាន ទើបនៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីនេះ ខណៈឃើញឱកាសល្អ គ្មានមនុស្សនៅ រូបគេក៏បានចាប់នាងរំលោភបានសម្រេច នៅក្នុងរោងចក្រដែលពួកគេធ្វើការ។

ជនសង័្សយបានបន្តថា បន្ទាប់ពីរំលោភសម្រេចម្ដងហើយ ក៏មិនឃើញនារីរងគ្រោះប្ដឹងផ្ដល់អ្វីដែរ ទើបធ្វើឲ្យគេកាន់តែមានចិត្តក្លាហានឡើង ចង់ចាប់រំលោភនាងបន្តទៀត។ លុះមកវេលាម៉ោង៩ព្រឹក ថ្ងៃ​ទី១៧ ខែកក្កដា រូបគេក៏បានចាប់នារីរងគ្រោះរំលោភបានសម្រេចជាលើកទី២ នៅក្នុងភូមិអូរឧក​ញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ បន្ទាប់ពីរំលោភរួច រូបគេក៏មិនបានគិតថា នារីរងគ្រោះប្ដឹងរូបគេនោះដែរ ស្រាប់តែមកដល់ថ្ងៃទី១៨ ខែឆ្នាំដដែល សមត្ថកិច្ចចុះទៅឃាត់ខ្លួនរូបគេតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ សហការី KBN