មួយរយៈខ្លីចុងកក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញមានភាពភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ មានសមត្ថភាពខួរក្បាលខ្លាំង រហូតអាចរៀនដល់ថ្នាក់ទី ៦ ហើយអ្វីដែលកាន់តែអស្ចារ្យ ជាងនេះទៀត គឺគេអាចធ្វើលំហាត់ថ្នាក់ទី ១២បានល្អ ហើយត្រឹមត្រូវថែមទៀយផង ។

កុមារារូបនោះមានឈ្មោះ ហ៊ឺទៀង គីមហុង អាយុ ៧ឆ្នាំ កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។

ជាមួយគ្នានេះដែរ ក្រោយពីមានភាពល្បីល្បាញដូចនេះ នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបកុមារា គីម ហុង ក៏ដូចជាឪពុកម្ដាយ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក នៅភូមិគ្រឹះសម្តេចតេជោផ្ទាល់តែម្ដង ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័អោយកុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានឱ្យចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ ។ សម្តេចតេជោ ក៏បានប្រាប់អោយចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ ហើយសង្កេតឃើញថា គីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ ។

បន្ទាប់ពីបានឃើញសមត្ថភាពពិសេសនេះ សម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Beltei ដល់កុមារា គីមហុង បានសិក្សាចំណេះដឹងទូទៅ ហើយ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើឱ្យ លោក ដួង តារា ជំនួយការសម្តេចតេជោ និងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេស របស់កុមារ គីមហុង ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង ។

បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ ៕ សហការី KBN