ខេត្តតាកែវ ៖ រថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករថយន្តកាមរីមួយគ្រឿងពេញទំហឹង ខ្ទាតចូលទៅក្នុងស្រែ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអណោចអធ័មមួយរំពេច និងម្នាក់ទៀត រងរបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ស្ថិតក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់។

មន្រ្ដីនគរបាលចរាចរស្រុកត្រាំកក់ បានឲ្យដឹងថា រថយន្តដឹកស៊ីម៉ងត៍បង្ក ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ត្រេអ៊ី ពាក់ស្លាកលេខ រដ្ឋ ០៦ ៣-០០៣៩(រថយន្តរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងស៊ីម៉ងត៍) បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់ឈ្មោះ ពីព្រោះគេរត់គេចខ្លួនបាត់។

រីឯរថយន្តរងគ្រោះ ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-9840 បើកបរដោយឈ្មោះ ឌុល សៀ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី (ស្លាប់) រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងអ្នករួមដំណើរជាមួយចំនួន២នាក់ ទី១-ឈ្មោះ ធីម ចាន់ធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាកម្មករធ្វើថ្នល់ (ស្លាប់) រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងទី២- ឈ្មោះ ធីម ចាន់ធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករធ្វើថ្នល់ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេឃើញរថយន្តដឹកស៊ីម៉ងត៍ខាងលើ បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តកាមរីឆ្លាម។

លុះពេលរថយន្តទាំងពីរគ្រឿង បើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកស៊ីម៉ងត៍ រេចង្កូតទៅបុករថយន្តកាមរី ខ្ទាតទៅក្នុងស្រែ បណ្ដាលឲ្យអ្នកជិះនៅក្នុងរថយន្ត(កាមរី)នេះចំនួន២នាក់ បានស្លាប់យ៉ាងអណោចអធ័មនៅក្នុងរថយន្តមួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់។ រីឯរថយន្តដឹកស៊ីម៉ងត៍ ក៏បានជ្រុលក្បាលធ្លាក់ទៅក្នុងស្រែដែរ តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជិះនៅក្នុងរថយន្តធំនោះឡើយ។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើកបររថយន្តដឹកស៊ីម៉ងត៍ ក៏បានបើកទ្វារលោតចុះ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ រួចហើយធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកយានយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមច្បាប់៕ សហការី KBN