ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុកគ្នា កាលពីវេលាម៉ោង៦ និត៤៥នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងដៀរលើ ឃុំច្រេស ស្រុកចន្ទ្រា។

មន្ត្រីនគរបាលចរាចរស្រុកចន្ទ្រា បានឲ្យដឹងថា អ្នករងរបួសធ្ងន់ ឈ្មោះ ណុច ភ័ត្រ្តា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលស្រុកចន្រ្ទា(រងរបួសបាក់ភ្លៅខាងឆ្វេង) មានលំនៅក្នុងភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា។ រីឯអ្នកស្លាប់ ឈ្មោះ សួន ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាកសិករ នៅភូមិត្រោក ឃុំត្នោត ស្រុកកំពងរោទ៍។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់នោះ គេឃើញមន្រ្ដីនគរបាលម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រី សេ១២៥ ស៊េរី២០១៧ ស្លាកលេខ ស្វាយរៀង 1D-2986 ទើបនឹងត្រឡប់មកពីផ្តល់អត្តសញ្ញាណប័ណ្ណ នៅអនុវិទ្យាល័យចន្ទ្រា ដោយធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលគាត់បើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងម៉ូតូស៊ីធី ដែលបើកបញ្ច្រសទិសគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងមន្ត្រីនគរបាលខ្លួនឯង រងរបួសបាក់ភ្លៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ នៃប្រទេសវៀតណាម។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្នបានបញ្ជួនទៅព្យាបាលនៅប្រទេសវៀតណាម ចំពោះម៉ូតូទាំង២គ្រឿងខូចខាត់ទាំងសងខាង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ៕ សហការី KBN