ខេត្តព្រះសីហនុ៖ បុរសជនជាតិវៀតណាម្នាក់ បានបើករថយន្តបោះពួយយ៉ាងលឿង រេចង្កូត ខុសផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យអ្នកបើកបរស្លាប់យ៉ាងអណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីព្រឹកព្រឹលឹមអុរ ថ្ងៃទី១៩ ខែកក្កដា នៅ លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំ ចំការហ្លួង ស្រុកកំពង់សិលា។

មន្រ្តីនគរបាលចរាចរស្រុកកំពង់សិលា បានឲ្យដឹងថា មុនពេលកើតហេតុមាននូវគ្រោះថ្នាក់ ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់នោះ គេឃើញបុរសជនជាតិវៀតណាមម្នាក់ បើក រថយន្តមួយគ្រឿង(មិនចាំម៉ាក) បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសដៅពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ លុះពេលគេបើករថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតខុស ជ្រុលទៅលើផ្លូវក្រួសក្រហម ទើបអ្នកបើកបរបួងចង្កូតត្រឡប់មកវិញ ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យអ្នកបើកបរស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកដឹកសាកសពរបស់ជនរងគ្រោះ យកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិវៀតណាម ៕ សហការី KBN