ប្រទេសរុស្ស៊ី៖ គេហទំព័រ NTV របស់រុស្ស៊ី បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីភាពរន្ធត់ របស់អ្នកទស្សនា នៅពេលដែលពួកគេឃើញ បុរសអ្នកលេងសៀកម្នាក់ ព្រួសភ្លើងខុសបច្ចេកទេស ត្រូវភ្លើងឆេះពេញក្នុងមាត់ ។

តាមហេតុការណ៍ បានបង្ហាញថា បុរស៣នាក់ កំពុងតែសម្តែង ល្បែងព្រួសភ្លើង ដោយមានមនុស្សមើលជុំវិញ យ៉ាងច្រើនកុះករ តែមានបុរសម្នាក់ បានសម្តែងភ្លាត់ស្នៀតបណ្តាលឲ្យ ភ្លើងឆេះពេញមាត់ និងពេញផ្ទៃមុខ យ៉ាងសន្ធោរសន្ធៅ ទោះខំយកដៃទះពន្លត់យ៉ាងណា ក៏មិនអាចពន្លត់បាន រហូតទាល់តែអ្នកទស្សនា រត់មកជួយ ដោយយកទឹកមកជះពន្លត់ ទើបភ្លើងនោះរលត់ទៅវិញ ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង ខេមេរូវូ ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗកន្លងមកនេះ ហើយបុរសរងគ្រោះដែល សម្តែងខុសបច្ចេកទេសនោះ មានឈ្មោះ អ៊ីករ ប៊រវីកូ អាយុ២២ឆ្នាំ មុខរបរជាអ្នកសំដែងព្រួសភ្លើង ហើយបន្ទាប់ពីហេតុការណ៍នេះ គេបាននាំបុរសខាងលើ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយអាការៈដូចជាធ្ងន់ធ្ងរនៅឡើយ ៕