ខេត្តក្រាប៊ី ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តក្រាប៊ី បានរាយការមកថា មានករណីឃាតកម្មដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងផ្ទះមេភូមិម្នាក់ ក្នុងស្រុកអាងឡឹក ខេត្តក្រាប៊ី ផ្ទះរបស់លោកមេភូមិតែម្តង។

ក្រោយពីបានពិនិត្យសាកសពរួច ប៉ូលិសបានប្រទះឃើញមនុស្ស៨នាក់ស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ ហើយបើតាមការសួរនាំអ្នករបួស បានរៀបរាប់ថា នៅថ្ងៃកើតហេតុ ជនល្មើសមានគ្នា៩នាក់ ស្លៀកពាក់ទាហានប៉ារ៉ា ហើយបានដើរចូលក្នុងផ្ទះ នៅម៉ោងប្រហែល៤ល្ងាច ហើយបានឃុំពួកគាត់ទុកក្នុងផ្ទះ រង់ចាំមេភូមិត្រលប់មកវិញ ។

បន្ទាប់ពីលោកមេភូមិត្រលប់មកដល់ផ្ទះ ពួកគេក៏ដាក់ខ្នោះដៃលោកមេភូមិ ហើយលុះដល់ម៉ោងប្រហែល ១១យប់ទើបពួកឃាតកទាំងនោះ សម្រេចចិត្តបាញ់សម្លាប់សមាជិក ក្នុងផ្ទះម្នាក់ម្តងៗ។

បើតាមការរៀបរាប់របស់ក្មេងស្រី ដែលជាកូនស្រីរបស់មេភូមិខាងលើ បានប្រាប់ប៉ូលិសថា មុនពេលសម្លាប់ជនល្មើសបានយកក្រណាត់ខ្មៅ មករុំមុខពួកគេទាំងអស់។

តាមសម្តីរបស់ឪពុកក្មេករបស់សព បានប្រាប់ថា កូនប្រសាររបស់គាត់ គឺជាមនុស្សច្បាស់លាស់ និយាយហើយប្រាកដជាធ្វើមែន ហើយជាមនុស្សនិយាយត្រង់ទៅត្រង់មក ដូច្នេះហើយទើបមានសត្រូវច្រើន ជាពិសេសក្រុមដែលចង់ រំលោភយកដីសាធារណៈនៅក្បែរមាត់សមុទ្រ ហើយរូបគាត់គឺជាមនុស្សដែលចូលចិត្តធ្វើបុណ្យបំផុត ។

ប៉ូលិសបានសន្និដ្ឋានជាបឋមថា ការសម្លាប់ទាំងគ្រួសារបែបនេះ អាចបណ្តាលមកពីរឿងគំនុំគ្រួសារ និងរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ទើបឈានដល់ការសម្លាប់ទាំងគ្រួសារបែបនេះ ។

បន្ទាប់ពីពិនិត្យវត្ថុតាងនានា និងកាម៉េរ៉ាសុវត្ថិភាព ប៉ូលិសកំពុងកំណត់មុខសញ្ញា តាមចាប់ក្រុមជនល្មើស មកដាក់ទោសតាមផ្លូវច្បាប់ ៕

ប្រភព៖ សារព័ត៌មាន ខោវស៊ុត
ប្រែសម្រួលដោយ៖ Saorin KBN