ខេត្តសាមុទ្រសាខន់ ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តសមុទ្រសាខន់ បានរាយការណ៍ថា មានករណីផ្ទុះកាំភ្លើងមួយ បានកើតឡើងនៅក្នុងសណ្ឋាគារ បឹងហ្គាឡូរ មួយកន្លែងស្ថិតក្នុងទីរួមខេត្ត សមុទ្រសាខន់ ។

ក្រោយពេលដែលប៉ូលិសទៅដល់កន្លែងកើេតហេតុ បានប្រទះឃើញ បុរសម្នាក់ត្រូវគ្រាប់កាំភ្លើង១គ្រាប់ របួសជើង ស្ថិតនៅបន្ទប់លេខ A-16 ដោយនៅមុខបន្ទប់ មានប្រឡាក់ឈាមយ៉ាងច្រើន ដែលជាឈាមជើងរបស់ជនរងគ្រោះ ហើយគេប្រទះឃើញ ម៉ូតូមួយគ្រឿង នៅទីនោះផងដែរ ។

បើតាមការសាកសួរនាំ អ្នកបោសសំអាតបន្ទប់ បានរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុ រូបគាត់ឃើញក្មេងរងគ្រោះ អាយុ១៨ឆ្នាំ ឈ្មោះ វុធ បានចូលមកបើកបន្ទប់ A-16 នេះ បន្ទាប់មកមិនយូរប៉ុន្មាន គាត់បានឃើញនារីម្នាក់ អាយុប្រហែល៣០ឆ្នាំ បើករថយន្តម៉ាកហុងដា CR-V ចូលមកបន្ទប់លេខ A-16 នេះផងដែរ ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីនារីនោះចូលបន្ទប់ មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្ត ម៉ាក Mitsubishi បានបើកចូលមកតាមក្រោយ ហើយរូបគាត់ក៏មិនបាន ចាប់អារម្មណ៍នោះដែរ ។ បន្តិចក្រោយមក គាត់ក៏បានឮស្នូរកាំភ្លើងផ្ទុះឡើង ខណៈពេលដែលគាត់កំពុងតែ សំអាតបន្ទប់មួយទៀត ។

ក្រោយពីបានឮស្នូរកាំភ្លើងផ្ទុះ គាត់ក៏បានដើរចូលទៅមើល ហើយបានឃើញបុរសពីរបីនាក់ ដើរចេញពីបន្ទប់ A-16 ហើយបានឡើងរថយន្ត បើកចេញទៅតាមផ្លូវក្រោយបាត់ទៅ ព្រមទាំងនាំរថយន្តម៉ាក CR-V ទៅជាមួយផងដែរ ។

ចំណែកបុរសវ័យក្មេង ដែលត្រូវគេបាញ់នោះ បានរងរបួសធ្ងន់ចំជើង ត្រូវបុគ្គលិកសណ្ឋាគារ នាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។

ក្រោយពីសាកសួរបុរសរងគ្រោះវ័យក្មេង បានឆ្លើយសារភាពប្រាប់ប៉ូលិសថា រូបគេ និងនារីម្នាក់ដែលចូលក្នុងបន្ទប់ សណ្ឋាគារនោះ បានលួចស្រលាញ់គ្នាយូរមកហើយ ហើយបុរសដែលបាន ចូលទៅបាញ់រូបគេដល់ក្នុងបន្ទប់នោះ ក៏ជាអ្នកដែលតាមស្រលាញ់ នារីម្នាក់នោះដែរ ។

បើតាមការសន្និដ្ឋានរបស់ប៉ូលិស បានឲ្យដឹងថា ជនល្មើសមានបំណង បានបាញ់គំរាម បុរសវ័យក្មេងរងគ្រោះ ដើម្បីកុំឲ្យទាក់ទងនិងមិត្តស្រីរបស់គេទៀត មិនបានមានបំណងបាញ់សម្លាប់នោះទេ ហើយប៉ូលិសកំពុងកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនជនល្មើសខាងលើ ផ្តន្ទាទោសតាមច្បាប់ផងដែរ ៕