ចិន៖ យុវជនវ័យ១៩ឆ្នាំម្នាក់ ទោះបីជាមានជីវិភាពក្រីក្រ ក៏នៅតែតស៊ូ មិនបោះបង់ ការសិក្សាចោលដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងគ្រួសារ ថែមទាំងជួបបញ្ហាធំមួយ គឺប្អូនប្រុសរបស់គាត់អាយុ ៣ឆ្នាំ មានជំងឺ មហាគ្រាប់ឈាមទៀតផង ។

យុវជនខាងលើនេះ មានឈ្មោះហៅក្រៅ ថា Ma ជាសិស្សសាលាម្នាក់ ដែលមកពីគ្រួសារក្រីក្រមួយ រស់នៅក្នុងខេត្តហ៊ូប៊ី ប្រទេសចិន ។ ទោះបីជាមានបញ្ហាយ៉ាងនេះក្ដី ក៏ Ma នៅតែមិនបាក់ទឹកចិត្ត ហើយខំប្រឹមទ្វារដង ដើម្បីសម្រេចបំណងក្លាយជា វេជ្ជបណ្ឌិតម្នាក់ ដើម្បីសង្គ្រោះប្អូនប្រុស ។

នៅថ្ងៃប្រឡង Ma ទទួលបានពិន្ទុខ្ពស់ រហូតដល់ ៤៦៥ពិន្ទុ ឯណោះ តែដោយសារគ្មានលទ្ធភាព សម្រាប់រៀនបន្ត ទើបពេលប្រឡងចប់ យុវជនកំសត់រូបនោះ បានបង្ខំចិត្តចូលធ្វើការងារជាកម្មករ ក្នុងការដ្ឋានសាងសង់មួយកន្លែង ក្បែរផ្ទះដោយទទួលបានលុយ ១៤ដុល្លារក្នុងមួយថ្ងៃ ហើយក្នុងនោះ សូម្បីតែម្ដាយឪពុករបស់គេ ក៏ចេញធ្វើការអស់ពីផ្ទះដែរ ដោយមានតែជីដូនគេម្នាក់អាយុ ៨០ឆ្នាំ នៅមើលថែប្អូនប្រុស ដែលមានជំងឺប៉ុណ្ណោះ ។

ដោយសារការខិតខំព្យាយាមធ្វើការមិនខ្លាចនឿយហត់ ទើប Ma ទទួលបានការរាប់អាន អាណិត ស្រឡាញ់ពីសំណាក់មនុស្សនៅជុំវិញខ្លួន រហូតដល់ខ្សែជីវិតលំបាករបស់គេល្បីល្បាញ ពេញបណ្ដាញសង្គម និងមានសប្បុរសជនជាច្រើននាក់ ផ្ដល់ជាថវិការ រៃអង្គាសគ្នាបន្តិចបន្តួច ដោយត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ Ma ទទួលបានលុយចំនួន ៨៨,២០០ដុល្លារ ពីសម្បុរសជនទាំងនោះ ។
បន្ទាប់ពីទទួលបានចំនួនលុយដ៏ច្រើននេះ Ma អាចមានលទ្ធភាពព្យាបាលជំងឺឱ្យប្អូនប្រុស ហើយរហូតមកដល់ពេលនេះ ប្អូនប្រុសតូចរបស់គេ ជាសះស្បើយហើយ ៕

យុទ្ធ KBN
ប្រភព៖ Stomp