ខេត្តឈុនបុរី ប្រទេសថៃ៖ កាលពីពេលថ្មីៗកន្លងទៅ មានករណីហួសចិត្តមួយ បានកើតឡើងនៅក្នុងខេត្តឈុនបុរី ដោយប៉ូលិសបានរាយការណ៍ ឲ្យដឹងថា នៅកន្លែងកើតហេតុ មានក្មេងស្រី២នាក់ ដែលជាបងប្អូនបង្កើតនិងគ្នា នារីបងអាយុ១៨ឆ្នាំ ចំណែកនារីប្អូន អាយុ១៤ឆ្នាំ (សុំមិនបញ្ចេញឈ្មោះ) ដោយនារីវ័យក្មេងទាំង២ កំពុងតែឈរចាំ ចូលបន្ទប់ទឹកសាធារណៈ។

ពេលដែលបងស្រី បានចូលក្នុងបន្ទប់ទឹក នារីជាប្អូន បានឈររង់ចាំនៅខាងក្រៅ ហើយឆ្លៀតឱកាសនោះ ជនល្មើសម្នាក់ ក៏បានលោតចូលក្នុងបន្ទប់ទឹក ហើយបានយកកាំបិត ដែលធ្វើពីឈើស្រួច មកគំរាមប្លន់យកទូរស័ព្ទ ពីនារីជាបងស្រី មិនត្រឹមតែប៉ុណ្ណោះ ដោយទ្រាំមិនបាន និងសម្រស់របស់នារីរងគ្រោះ ជនល្មើសបានគំរាមឲ្យនារីរងគ្រោះ ដោះសម្លៀកបំពាក់ចេញ ដើម្បីចាប់រំលោភ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យជនល្មើស ខកចិត្តជាខ្លាំងនោះ គឺនារីរងគ្រោះជាបង មិនបានតក់ស្លុត និងការគំរាមរបស់ជនល្មើស បន្តិចសោះឡើយ ហើយបានស្រែកខ្លាំងៗ ឲ្យអ្នកនៅជិតនោះជួយតែម្តង ។

បន្ទាប់ពីឃើញនារីរងគ្រោះ ស្រែកខ្លាំងៗដូច្នេះ ជនល្មើសបានភ័យស្លន់ស្លោរ ហើយផ្លោះរបងគេចខ្លួនភ្លាមបាត់ទៅ ។ ក្រោយពីមានការប្តឹង ទៅកាន់ប៉ូលិសខេត្ត បាន១ម៉ោងក្រោយមក ប៉ូលិសបាននាំកម្លាំង ចុះតាមរកជនល្មើស ហើយបានជួប និងបុរសម្នាក់ដែលមាន ភិនភាគដូចការរៀបរាប់ របស់នារីរងគ្រោះ ។

ដោយមានការសង្ស័យ ប៉ូលិសក៏បានឃាត់ខ្លួនជនល្មើស ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រានៅឡើយ ហើយបានឆែកឆេរក្នុងហោប៉ៅ ក៏ឃើញទូរស័ព្ទរបស់នារីរងគ្រោះ ហើយប៉ូលិសក៏ចាប់ឃាត់ខ្លួន តែម្តង ។

ជនល្មើសមានឈ្មោះថា បូរផា អាយុ៣២ឆ្នាំ មុខរបរដើររើសអេតចាយលក់ បានសារភាពថា បន្ទាប់ពីប្លន់រួច ហើយនារីរងគ្រោះបានស្រែកខ្លាំងៗ ឲ្យគេជួយ ខ្លួនភ័យខ្លាំងពេក បានរត់ទៅសម្ងំលាក់ខ្លួន នៅជើងភ្នំមួយ ក្បែរកន្លែងកើតហេតុ ។

បុរសនោះក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់ ដូចការរៀបរាប់ខាងលើ ពិតប្រាកដមែន ហើយប៉ូលិសក៏បាននាំខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ ដកស្រង់ពីសារព័ត៌មាន សានុក
ដោយ៖ សហការី KBN