ប្រទេសអាមេរិក៖ កាលពីពេលថ្មីៗនេះ កាសែត Seattletimes.com បានចុះផ្សាយហេតុការណ៍ ដ៏រន្ធត់មួយ ក្នុងកំឡុងពេលដែល រថយន្តមួយគ្រឿងបានឈប់ រង់ចាំភ្លើងស្តុប ក្នុងទីក្រុងមួយ ក្នុងរដ្ឋវ៉ាស៊ីនតោន ។

ក្នុងកំឡុងពេលដែលកំពុងឈប់នោះ ស្រាប់តែយន្តហោះខ្នាតតូចមួយ បានធ្លាក់រុលទៅបុករះ បង្គោលភ្លើងចរាចរ បណ្តាលឲ្យបង្កជាអណ្តាតភ្លើង ហើយយន្តហោះនោះ ក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ជាមួយនិងស្នូរផ្ទុះយ៉ាងខ្លាំង ស្ទើរតែបែកក្រដាសត្រចៀក ។

កាសែតខាងលើ បានបន្តថា ហេតុការណ៍នេះ ពុំមាននរណាម្នាក់ មានគ្រោះថ្នាក់នោះឡើយ ដោយនៅក្នុងយន្តហោះនោះ មានអ្នកបើកបរម្នាក់ និងម្តាយរបស់គេម្នាក់ផងដែរ តែគ្មានអ្នកណាម្នាក់ រងរបួសនោះទេ ។

ទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់នេះ បានបង្កឲ្យរថយន្ត ដែលកំពុងចតនៅលើផ្លូវ ឆេះខ្ទេចអស់២គ្រឿងផងដែរ ។ បន្ទាប់ពីកើតហេតុ ប៉ូលិសបាននាំខ្លួនអ្នកបើកយន្តហោះ ទៅធ្វើការសួរនាំ ហើយអ្នកបើកយន្តហោះ ក៏បានប្រាប់វិញថា យន្តហោះរបស់គាត់ បានចេញពីព្រលានយន្តហោះ ក្នុងស្រុកមួយឈ្មោះ Paine Field Airport ម៉ោង១៥និង៣០នាទី ដែលនៅមិនឆ្ងាយពីកន្លែង ដែលយន្តហោះធ្លាក់នោះឡើយ។

ប៉ូលិសបានប្រាប់បន្តថា អ្នកបច្ចេកទេសនឹងចំណាយពេល២ថ្ងៃ សំរាប់ធ្វើការស៊ើបអង្កេត ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ៕