ភ្នំពេញ ៖ មានហេតុការណ៍ឆក់មួយ បានកើតឡើងដោយ ជនសង្ស័យម្នាក់ ក្នុងចំនោមបក្សពួកជាច្រើននាក់ទៀត ត្រូវប្រជាពលរដ្ឋស្វាគមន៍ ម្នាក់មួយដៃមួយជើងទ្រមខ្លួន រួចប្រគល់អោយសមត្ថកិច្ច បន្ទាប់ធ្វើសកម្មភាព ឆក់កាបូបស្ពាយពីនារីម្នាក់ មិនបានសម្រេច បង្កអោយមានការណ៍ភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ត្រង់ចំណុច តាមបណ្តោយ២៨៩ ខាងមុខសាលា បឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ឡន ឡាំងហេង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលាថ្នាក់ទី៩ រៀននៅវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិអូតាគី ស្រុកថ្មគោ​ ខេត្តបាត់ដំបង ​ជាអ្នកអង្គុយពីក្រោយ និងជាអ្នកធ្វើសកម្មភាព ឆក់កាបូប ចំណែកឯជនសង្ស័យ ដែលជាបើកម៉ូតូ មិនបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល និងបើក​ម៉ូតូមួយគ្រឿងទៀត ម៉ាក ​និច ពណ៌ក្រហមលាយស អត់មានស្លាកលេខ។

បើតាមការឲ្យដឹង ពីអ្នកដែលនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកឃ្លីក មិនចាំស្លាកលេខ បើកបរដោយនារីម្នាក់ ដឹកស្ត្រីរងគ្រោះជាម្តាយ រួមដំណើរពីក្រោយ ដោយស្ពាយកាបូប ដាក់នៅពីមុខ ​ធ្វើដំណើរតាមបណ្តោយ ផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុស្រាប់តែលេចមុខ ជនសង្ស័យពីរនាក់ជិះម៉ូតូ​ មកពីក្រោយ រួមទាំងបក្សពួកពីរបីម៉ូតូទៀត មិនចាំម៉ាក បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្ត្រីរងគ្រោះ តែមិនបានសម្រេច បណ្តាលអោយជនសង្ស័យ ដួលម៉ូតូ ​ភ្លាមៗនោះជនរងគ្រោះ បានស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ ដែលនៅជិតនោះ ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកឯម្នាក់ទៀត បានរត់ឡើងម៉ូតូរបស់បក្សពួក ជិះរត់គេចខ្លួន បាត់ស្រមោល​ បង្កអោយប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ផ្ទុះកំហឹងនាំគ្នាស្វាគមន៍ ម្នាក់មួយ​ដៃម្នាក់មួយជើង បណ្តាលឲ្យជនសង្ស័យ រងរបួសធ្ងន់ និងវាយកំទេចម៉ូតូ របស់ជនសង្ស័យ រងការខូចខាតយ៉ាងដំណំ ទើបប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ យកទៅសួរនាំ។

បន្ទាប់ពីចាប់បានចោរឆក់រួចមក ជនរងគ្រោះ​មិនបានបាត់បង់ ទ្រព្យសម្បត្តិអ្វី ក៏បានឡើងជិះម៉ូតូចេញ ទៅបាត់ទាំងមិនបានដាក់ ពាក្យបន្តឹងនោះទេ ។ ដោយឡែកជនសង្ស័យ ខាងលើត្រូវបាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ កសាងសុំណុំរឿង បញ្ចូនទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីរងចាំការចាត់ការទៅតាមនីតិវិធី​៕